ដូចមហាជនបានដឹងមកហើយថា កន្លងមកអ្នកនាង ស្រេង សុកាន់ដា ហៅអ្នកនាង ខ្ញុង បានទម្លាយរឿងជំពាក់បំណុលជាច្រើននាក់សរុបជាង ៥៧ ម៉ឺនដុល្លារ និងប្រកាសលក់ផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិខ្លួនដើម្បីដោះបំណុល។ នាពេលថ្មីៗនេះដែរ អ្នកនាងបានងាកមកលក់ប្រហុក ផ្អក នៅបណ្ដាញសង្គមអនឡាញដូចមុន ដើម្បីសន្សំលុយ និងចិញ្ចឹមជីវិត។ អ្នកនាងធ្លាប់ប្រកាសខ្លួនក្ស័យធន និងសូមក្ដីមេត្តាអាណិតយោគយល់ពីម្ចាស់បំណុលខ្លួនឱ្យពន្យារពេលសងបំណុល។ បើគិតមកដល់ទល់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាងបានអះអាងថា បានសងបំណុលដែលបានជំពាក់គេ គឺជាដំណាក់កាល ដោយមានការព្រមព្រៀងចរចាជាមួយម្ចាស់បំណុលនីមួយៗ។
សូមជម្រាបថា ប្រជាប្រិយភាពរបស់អ្នកនាង ខ្ញុងត្រូវបានសាងមហាជនស្គាល់តាមរយៈការកំប្លែងធ្វើឱ្យមហាជនផ្ទុះសំណើចដល់ហៀរទឹកភ្នែក ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ១៩នេះ សូម្បីតែមុខរបស់អ្នកនាង ខ្ញុង ក៏ត្រូវបានបាត់ពីកញ្ចក់ទូរទស្សន៍ និងរោងការតែម្ដង។ ទន្ទឹមនឹងមានការប្រកាសរបស់រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានពិធីមង្គលការវិញនោះ អ្នកនាង ខ្ញុង ហាក់បីដូចមានសង្ឃឹមឡើងវិញ។ ដោយឃើញការបង្ហោះរបស់អ្នកនាងនៅលើបណ្ដាញសង្គមក៏ឱ្យដឹងថា អ្នកនាងបើកការទទួលការងារ ជាអ្នកច្រៀងកាត់សក់ក្នុងពិធីរៀបមង្គលការ តាមរយៈការអាណិតរបស់ស្រលាញ់គាំទ្រដល់រូបនាង ។
ផ្ដល់សម្ភាសន៍ផ្ទាល់ដល់អ្នកសារព័ត៌មានត្រយង អ្នកនាង ខ្ញុង បានរៀបរាប់ថា សព្វថ្ងៃនេះ អ្នកនាង និងស្វាមី គឺបើកទទួលការអញ្ជើញចូលរួមច្រៀងកាត់សក់តាមពិធីមង្គលការ ដើម្បីសន្សំប្រាក់មួយចំនួនសងទៅកាន់ម្ចាស់បំណុល។ អ្នកនាងថា មកទល់ពេលនេះ គឺមានបងប្អូនអ្នកគាំទ្របានផ្ញើសារ និងទូរស័ព្ទមកកក់អ្នកនាងជាច្រើននាក់ហើយ ដោយមិនប្រកាន់ ឬក្នក់ចិត្ត បិទផ្លូវច្រៀងការ ដោយសាររឿងដែលអ្នកនាងជំពាក់បំណុលគេនោះទេ ពោលគឺ អ្នកគាំទ្រ និងមហាជន មានតែក្ដីស្រឡាញ់ និងអាណិតចំពោះអ្នកនាង ហើយថែមទាំងជួយចូកជួយស្រង់អ្នកនាងចេញពីបញ្ហាវិបត្តិទៅវិញ។ អ្នកនាងខ្ញុង ក៏បានអះអាងទៀតថា «អ្នកគាំទ្របានប្រាប់ខ្ញុំថា បង! ខ្ញុំចង់ឱ្យបងទៅច្រៀងកាត់សក់ តែខ្ញុំមិនបានប្រកាន់ខ្វល់ពីរឿងបងជំពាក់បំណុលឯណា បងមិនបានរត់ចោលបំណុល ឬរត់ចោលស្រុកឯណា រឿងអីខ្ញុំមិនអាចហៅបងច្រៀងបាន»។ សម្ដីនេះហើយដែលធ្វើឱ្យអ្នកនាងខ្ញុងកាន់តែរំភើបចិត្ត ហើយសង្ឃឹមយ៉ាងមុតមាំថា នឹងបានដោះស្រាយបំណុលបានឆាប់រហ័ស។
អ្នកនាងខ្ញុង បានបន្តរៀបរាប់ថា នៅក្នុងខ្លួនអ្នកនាងគឺមានប្រាក់ដែលបងប្អូនមហាជនបានបាញ់មកឱ្យតាមរយៈកុងធនាគារ ABA តែសូម្បីតែ១សេននៃសាច់ប្រាក់នោះ អ្នកនាងថានៅមិនហ៊ានប៉ះពាល់ទេ។ យ៉ាងណាមិញរហូតមកទល់ពេលនេះ អ្នកនាងឆ្លើយថា នៅមានអ្នកគាំទ្រអ្នកនាងបានយកថវិការមកជួយនាងផ្ទាល់ដៃបន្ដិចបន្តួចថែមទៀតផង ព្រោះបារម្ភខ្លាចអ្នកនាងគ្មានលុយចិញ្ចឹមជីវិត ឬមិនអាចដកប្រាក់ចេញពីកុងធនាគារបាន។ អ្នកនាងបន្តថា អ្នកនាងអរគុណជាខ្លាំងដល់រាជរដ្ឋាភិបាល ដែលបានបើកឱ្យមានពិធីមង្គលការឡើងវិញ ដែលហាក់បីដូចជាផ្ដល់ដង្ហើមឱ្យអ្នកនាងបានរស់បន្ដទៅមុខទៀត និងអរគុណដល់ស្វាមី ដែលតែងតែនៅក្បែរជាកម្លាំងចិត្តគ្រប់ពេលវេលា ព្រមទាំងអស់អរគុណដល់មហាជនដែលស្រឡាញ់គាំទ្រអ្នកនាងគ្រប់កាលៈទេសៈ ហើយផ្ញើសារមកលើកទឹកចិត្តអ្នកនាងរហូត។
អ្នកនាង ខ្ញុង ក៏បានបង្ហើបទៀតថា នៅពេលដែលអ្នកសន្សំប្រាក់បានមួយចំនួនហើយ អ្នកនាងនឹងព្យាយាមកសាងជីវភាពគ្រួសារឡើងវិញ ហើយនឹងបង្វិលប្រាក់មួយចំនួនធ្វើដើមទុនរកស៊ីបន្ដទៀត នៅពេលអ្នកដែលអ្នកនាងបានសងបំណុលគេអស់។ អ្នកនាងថា មកទល់ពេលនេះគឺគ្មានបំណុលណាមួយមកគំរាមកំហែងអ្នកនាងទេ គឺមានតែការអាណិត និងយោគយល់ចំពោះអ្នកនាងតែម្ដង៕