យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុក Miss Universe Cambodia នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញឱ្យដឹងថា ឈុត «វប្បការិកា​ ចត្វានិមិត្ត» ត្រូវបានជ្រើសរើសជាឈុតតំណាងជាតិកម្ពុជា ចេញទៅប្រកួតនៅឆាកអន្ដរជាតិ Miss Universe ដែលនឹងប្រពឹត្តិឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងប្រទេសអ៊ីស្រាអែល។

ស្របពេលដែលភាគីកម្ពុជាកំពុងបង្ហាញឈុតតំណាងជាតិដ៏ស្រស់សោភ័ណ្ឌមួយនេះ ស្រាប់តែគេឃើញភាគីអ្នកលេងបណ្ដាញសង្គមនៅខាងប្រទេសថៃ មានការមិនពេញចិត្តជាខ្លាំង និងបង្ហាញប្រតិកម្មភ្លាមៗបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកថៃមានឈ្មោះថា « ASEAN “มอง” ไทย » (ASEAN ម៉ងថៃ) បាន​​បញ្ចេញ​ខ្លឹមសារមិនពេញយ៉ាងដូច្នោះថា « ទាមទារ មកទាមទារត្រឡប់វិញ​មិនខ្សែលើ #ឈុតតំណាងជាតិបវរកញ្ញាឯកច្រកវាឡ #កម្ពុជា ២០២១ បេក្ខភាពបវរកញ្ញាមិនខុសទេ តែ National Director Miss Universe Cambodia គឺអាក្រក់មែនទែន។ ទើបតែបញ្ជូនបវរកញ្ញាមិនបានប៉ុន្មានឆ្នាំផង ក៏សាងបញ្ហាភ្លាមៗ បង្កជម្លោះរវាងប្រទេស ព្រោះនេះគឺជា «ឈុតតំណាងជាតិ» ។ ការដែលកម្ពុជាមានល្ខោនខោលគឺមិនខុសទេ តែនេះគឺជាការ Represent ជាការទូត ដើម្បីឱ្យពិភពលោកបានទទួលស្គាល់។ ក៏ប៉ុន្ដែនេះមិនមែនជាសិល្បៈកម្ពុជាពិតប្រាកដ វាគឺជា Siam colonial »។

យ៉ាងណាមិញ ហ្វេសប៊ុកដដែរនេះ ក៏បានរៀបរាប់ការប្រតិកម្មទៀតថា «កុំសម្លឹងថាជា វប្បធម៌រួម ព្រោះគេ (សំដៅមកលើភាគីកម្ពុជា) មិនព្រមទទួលស្គាល់ គេសម្លឹងថានេះគឺជា Original ដែលថៃបានចម្លងតាមគេរួមមកហើយ។ ប្រសិនបើប្រាប់ថា វប្បធម៌រួម ចុះដើមកំណើតនៅទីណា ? អង្គរវត្ត? សៀមរាប? រូបភាពនៅសិលាចារិកបានបង្ហាញថា ប្រើឈុតព័ណអ្វី? មកុដបានមកពីណា? ។ វប្បធម៌រួម ដែលធ្លាប់ឆ្លងកាត់ការ «Clam » រួមមកហើយ ។ មិន​បាច់​សួរ​ខ្ញុំ​វិញ​ទេ តើ​អ្វី​ទៅ​ជា «ថៃពិត»? គ្មានប្រទេសណាពិតទាំងអស់ហ្នឹង និងបើសិនចង់ឃើញការពិតត្រូវ​ឆ្លង​កាត់​ទៅ​កោះ Sentinel ក្នុង​សមុទ្រ Andaman នោះ។ សូម្បីតែបាយឆាម្រះព្រៅ មិនមែនជារបស់ថៃពិតប្រាកដដែរ ដោយសារតែម្ទេសមានដើមកំណើតនៅប្រទេសឈីលី»។

ការបង្ហាញប្រតិកម្មនេះ បណ្ដាលឱ្យមានអ្នកគាំទ្រខ្មែរ និងថៃ បញ្ចេញមតិជាច្រើនឌឺដងដាក់គ្នានៅវិញទៅមកនៅក្នុងការបង្ហោះនោះ។ រហូតដល់អ្នករចនាម៉ូដឈុតតំណាងជាតិ «វប្បការិកា​ ចត្វានិមិត្ត» នេះ បានចេញការតបតដូចគ្នា។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកមានឈ្មោះ «ទឹកគ្រឿង» ដែលគេដឹងថាជាអ្នកច្នៃម៉ូដឈុតនេះ បានរៀបរាប់តបតវិញថា «ស្គាល់នៅ? ដឹងនៅថាខ្មែរក៏អាចធ្វើបានដែរ ទាស់តែអត់លុយទេតើ។ អូយអូនក្តៅក្រហាយហ៎ យ៉ាប់ណាស់ចោរស្រែកឱ្យចាប់ចោរ។ ចង់ប្រាប់ថា ខ្ញុំអត់លុយទេ បើខ្ញុំមានបានជាងនេះខ្ញុំដាក់ទាល់តែអ្នកឯងក្អួតឈាមស្លាប់នៅនឹងកន្លែងនឹង។ បងស្យាមហា៎ស្គាល់ទឹកគ្រឿងខ្មែរទេ មានគ្រប់​រសជាតិ​ណាបង?  មែនអត់កូនខ្មែរទាំងអស់គ្នា? Marady Ngin​ ឈុតតំណាងជាតិដែលប្អូនគ្រងមួយរញ្ជួយអស់ចោរស្យាម»។

សូមជម្រាបជូនថា ចំពោះបញ្ហាដ៏ក្ដៅគគុកដែលកើតមានឡើងយ៉ាងពុះកញ្ជ្រោលនៅលើហ្វេសប៊ុកនេះ អ្នកសារព័ត៌មានត្រយង កំពុងព្យាយាមសុំការបកស្រាយពីសំណាក់ថ្នាក់ដឹកនាំ និងចាត់ចែងកម្មវិធី Miss Universe Cambodia ដើម្បីស្រាយបំភ្លឺ និងចង្អុលបង្ហាញពីគោលបំណងខ្លះទៅកាន់មហាជនអ្នកគាំទ្របានជ្រាបផងដែរ៕

Telegram-Troryorng
Share.