


ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានរៀបចំផែនការទៅហ្វឹកហាត់នៅក្រៅប្រទេស ដោយជ្រើសរើសយកប្រទេសកាតារ ជាទីកន្លែងប្រមូលផ្តុំ មុនពេលចេញទៅចូលរួមប្រកួតក្នុងវគ្គជម្រុះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup ក្នុងពូល A ដែលធ្វើឡើងនៅទីក្រុង Suzhou ប្រទេសចិន។
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
លោក Nonong Araneta ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បានថ្លែងនៅសន្និសិទសារព័ត៌មាននៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា៖«យើងបានទាក់ទងជាមួយសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសកាតារ រួចរាល់ហើយជុំវិញផែនការទៅហ្វឹកហាត់នៅទីនោះរបស់យើង។ វាពិបាកណាស់សម្រាប់យើងដែលមិនអាចហ្វឹកហាត់ក្នុងប្រទេសបាន ហើយយើងពិតជាសំណាងដែលទៅហ្វឹកហាត់នៅកាតារ អាចជួបប្រទេសមួយចំនួនគេហ្វឹកហាត់នៅទីនោះដែរ អំណោយផលក្នុងការប្រកួតមិត្តភាព។ ខ្ញុំគិតថាយើងនឹងប្រកួតជាមួយប៉ាឡេស្ទីន និងស៊ីរី មុនបន្តដំណើរទៅប្រទេសចិន»។
*ព័ត៌មានពីវគ្គជម្រុះ World Cup សូមចុចអានទីនេះ…
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិហ្វីលីពីន លោក Dan Palami បានកោះហៅកីឡាករចំនួន២៦រូប ធ្វើដំណើរទៅកាតារ ចាប់ពីថ្ងៃទី១៨ ដល់៣១ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ ប៉ុន្តែលោក Scott Cooper ដែលជាគ្រូបង្វឹកនឹងចំរាញ់យកកីឡាករតែ២៣នាក់ប៉ុណ្ណោះទៅប្រកួតនៅប្រទេសចិន។
ហ្វីលីពីន ស្ថិតក្នុងពូល A ក្នុងវគ្គជម្រុះ 2022 FIFA World Cup ជាមួយក្រុមស៊ីរី, ចិន, ម៉ាល់ឌីវ និងហ្គាម។ ប្រកួតដែលសេសសល់ក្នុងពូលនេះ ធ្វើឡើងនៅប្រទេសចិន។ ឆ្លងកាត់ប្រកួត៥លើកក្នុងពូលមកនេះ ហ្វីលីពីន ឈ្នះបាន២លើក ស្មើគ្នា១លើក និងចាញ់២លើកមាន៧ពិន្ទុក្នុងដៃ។ ប្រកួតដែលនៅសេសសល់ហ្វីលពីន ត្រូវជួបហ្គាម នៅថ្ងៃទី៣ ខែមិថុនា ហើយបន្តជួបម្ចាស់ផ្ទះចិន នៅថ្ងៃទី៩ ខែមិថុនា និង ចុងក្រោយជួបក្រុមម៉ាល់ឌីវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១៕


