ក្រុមជនសង្ស័យមានគ្នា៦នាក់ បានប្រើប្រាស់ខ្សែកាត់ទទឹងផ្លូវ ដើម្បីទាក់ ក ជនរងគ្រោះ ឈានទៅចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំ ឈ្មោះ អ.ជ ជាសិស្សថ្នាក់ទី១២។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ២០២១ នៅស្រុកចំការលើ ខេត្តកំពង់ចាម នៅពេលជនរងគ្រោះជិះម៉ូតូចេញពីរៀនឆ្លងកាត់ផ្លូវស្ងាត់ ក៏ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពទាក់ ក ដើម្បីចាប់រំលោភក្មេងស្រី។
ជុំវិញបញ្ហានេះ លោក អ៊ិត និត្យមេឃុំ ចំការអណ្ដូង បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យហើយ។
យ៉ាងណាមិញប្រភពពីសមត្ថកិច្ចបង្ហើបប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ ត្រូវបានចាប់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង២៖១៥នាទី។ ជនដៃដល់ដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។
នៅលើទំព័រហ្វេសបុក ប្រភពពីមិត្តភ័ក្ដិក្មេងស្រីរងគ្រោះ បានសរសេរថា រឿងរ៉ាវនេះ គឺពិតជាសាហាវ! ជនសង្ស័យមានគ្នា០៦នាក់ បានស្ទាក់ធ្វើបាបប្អូនស្រីជាសិស្សសាលារៀន ដ៏ស្លូតបូតម្នាក់ ដោយជនល្មើសប្រើខ្សែទាក់ ក និងធ្វើបាបលើរូបរាងកាយប្អូនស្រីរហូតដល់បាត់បង់ជិវិត។
ចំពោះគណនី Seang Hai ក៏បានសរសេរដែរថា មនុស្សប្រុសអើយមនុស្សប្រុសហេតុអ្វីមិនគិតដល់ចិត្តមនុស្សស្រីផង ដោយសារតែការសប្បាយរបស់មនុស្សប្រុសមួយភ្លែតធ្វើឲ្យបាត់បង់ជីវិត។ មនុស្សប្រុសបែបនឹងមានប៉ុន្មាននាក់ទៀត។ ប្រសិនបើជាចាប់បានមិនចាំបាច់ដាក់គុកទេ កាត់…វាទាំងរស់ឲ្យឆ្កែស៊ីល្អជាង។ ធ្វើអីចឹងទើបក្មេងៗមួយចំនួនមិនហ៊ានធ្វើអីចឹងទៀត!។
គណនីដដែលក៏បានជួយចែករំលែកទុក្ខដល់ក្រុមគ្រួសាររបស់បងស្រី ដែលបានបាត់បង់ជីវិត។ បងគេបងយើង។
គណនី Jee Lina ក៏បានសរសេរដែរថា ចូលរួមរំលែកទុកផងឯង @So Phanny គ្រាន់តែឯងឆាតរូបឲ្យគ្នាមើលហើយឡើងស្លុតចិត្តណាស់ ចង់យំតាមឯងហើយស៊ូៗណា មិនមែនជាប់សាច់ញាតិអីទេ តែជាប្អូនរបស់មិត្តិភ័ក្ដិ ហើយក៏ជាក្មយយរបស់អ្នកគ្រូលោកគ្រូដែលបានបង្រៀនខ្ញុំ កាលនៅរៀន ហើយប្អូនស្រីដែលស្លាប់ទៅនេះ គឺជាមនុស្សដែលធ្លាប់បង្រៀនភាសាថៃឲ្យខ្ញុំចេះនិយាយ បើតាមចរិតវិញ ស្លូតបូតណាស់ ចេះយកអាសារ ចេះគោរពចាស់ទុំ ហើយស្ដាប់ដំបូលមានបងប្អូនទាំងអស់ និយាយជារួមទៅគាត់ជាមនុស្សល្អតែហេតុអី គាត់ត្រូវទទួលរឿងបែបនេះ មិនយុត្តិធម៌ទេ ។ គ្មានអ្វីនិយាយច្រើនទេ មានតែពាក្យថា អាណិតប្អូនណា សូមឲ្យកើតជាតិណាៗ កុំឲ្យជួបរឿងបែបនឹងទៀត។
ទាក់ទងនឹងអំពើរំលោភសម្លាប់ខាងលើនេះ គឺអាចនឹងចូលក្នុងបទឃាតកម្មគិតទុកជាមុន តាមមាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើ រំលោភសេពសន្ថវៈ) នៃក្រមព្រហ្មទណ្ឌ។ ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការ ពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕