កាលពីដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Netflix បានចេញ​ប្រកាស​ព័ត៌មាន​ត្រៀម​ផលិត​សេរី​រឿង​ភាគ​កូរ៉េ បែប​វិទ្យាសាស្ត្រ​អាវ​កាស ដែលមាន​ចំណងជើង​ថា « The Silent Sea » ដែល​សម្ដែង​ដោយ Gong Yoo តួឯក​ប្រុស​ដ៏​ល្បីល្បាញ​ពី​ភាពយន្ត Train To Busan។

នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ ខាង​ក្រុមហ៊ុន​ភាពយន្ដ​ដ៏​ធំ​នេះ បានសម្រេច​ប្រកាស​ថ្ងៃ​ដាក់​បញ្ចាំង​សេរី​រឿង​ភាគ​នេះ​ជា​ផ្លូវការ​ហើយ ដោយ​ដាក់​បញ្ចាំង​រឿងនេះ​ជា​ផ្លូវការ​ចំ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បី​ជា​ចំណង​ដៃដល់​អ្នកគាំទ្រ​ក្នុង​ថ្ងៃបុណ្យ Christmas ។

រឿង«The Silent Sea» មាន​ទាំងអស់៨ភាគ សាច់រឿង​រៀបរាប់​ពី ថ្ងៃ​អនាគត​របស់​ភពផែនដី ដែល​ជួបប្រទះ​វិនាសកម្ម​នៃ​ការឡើង​ខ្លាំង​នៃ​ក​ម្ពៅ​ផែនដី។ ផែនដី​មួយ​ភាគ​ធំ​បានក្លាយ​ទៅជា​ខ្សាច់ គ្មាន​ជីវិត គ្មាន​អាហារ និង គ្មាន​ទឹក។ ដើម្បី​បន្ដជីវិត​រស់នៅ​បាន ក្រុម​អ្នកវិទ្យាសាស្ត្រ បា​នប​ញ្ចូ​ន​អ្នកជំនាញ​អាវ​កាស​មួយក្រុម ហោះ​ឆ្ពោះទៅកាន់​ឋាន​ព្រះ​ច័ន្ទ ដើម្បី​ស្វែងរក​រុក្ខជាតិ និង​ជីវ​ធម្មជាតិ​ថ្មី ដែល​អាច​បង្ក​កំណើត​នៅលើ​ភព​ថ្មី​នោះបាន។ ជា​អកុសល ដំណើរ​របស់​ក្រុម​អាវ​កាស​នេះ បាន​ជួយ​ជាមួយ​ឧបសគ្គ​ដ៏​អាក្រក់ ដែល​គ្មាន​អ្នកណា​ធ្លាប់​នឹកស្មាន​ដល់។

សេរី​រឿង «The Silent Sea » ដឹកនាំ​ដោយ​លោក រឿង Choi Hang-yong អ្នកដឹកនាំ ធ្លាប់​បានឈ្នះ​ពានរង្វាន់​មហោស្រព​ភាពយន្ត​ខ្លី Mise-en-scene លើក​ទី១៣ កាល​ឆ្នាំ២០១៤ ។ រឿងនេះ​ក៏​ជា​ស្នាដៃ​សហការ​ជាមួយ​អ្នកនិពន្ធ Park Eun-kyo ធ្លាប់​បានឈ្នះ​ពានរង្វាន់​ល្អ​បំផុត​សម្រាប់​ខ្សែភាពយន្ត Mother ក្នុង​មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី២៩ផងដែរ។ រឿង​ភាគ​ថ្មី​នេះ​ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​មានការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារាល្បីៗដូចជា  តួឯក​ប្រុស លោក Gong Yoo , តួឯក​ស្រី Bae Doo-Na និង តារា​ប្រុស Lee Joon អតីត​សមាជិក  MBLAQ។

គួរ​រំលឹក​ឡើងវិញ​ថា​នៅ​ឆ្នាំ២០២១នេះ ក្រុមហ៊ុន Netflix បាន​ចំណាយលុយ​អស់ ៥០០លាន​ដុល្លារ ក្នុងការ​បង្កើត Content ភាពយន្ដ​ល្បី​របស់​ប្រទេស​កូរ៉េ ហើយ​រហូត​មកទល់ពេលនេះ ក្រុមហ៊ុន Netflix បាន​បញ្ចេញ​ភាពយន្ដ​កូរ៉េ​ជាច្រើន​រឿង​ចេញពី Content ខាងលើ​ដូចជា Squid Game , D.P , My Name , Love Alarm Season2 , Hellbound , All of Us Are Dead, Kingdom: Ashin of the North, Night in Paradise , Lee Su-geun: The Sense Coach, So Not Worth It , Space Sweepers និង​រឿង Paik’s Spirit៕

Share.