យោងតាម Radio Free Asia (RFA) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានចុះផ្សាយព័ត៌មានដ៏រន្ធត់មួយដែលបានកើតឡើងនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថាប្រទេសកាន់របបកុំម៉ុនីស្តមួយនេះ បានចាប់សិស្សវិទ្យាល័យជាច្រើននាក់ដាក់ទោសក្រោយចាប់បានថាអ្នកទាំងនោះលួចមើលរឿងភាគកូរ៉េ «Squid Game»។
សិស្សសាលា និងអ្នកលក់ USB ដែលមានផ្ទុករឿងភាគកូរ៉េខាងត្បូង «Squid Game» ត្រូវបានអាជ្ញាធរ កូរ៉េខាងជើង បាញ់សម្លាប់ ចាប់ដាក់ពន្ធនាគារ ក្រោយចាប់បានថាប្រព្រឹត្តិល្មើសច្បាប់រឹតបន្តឹងការផ្សព្វផ្សាយ Content បរទេស។
នៅក្នុងសេចក្ដីរាយការណ៍នោះបានផ្សាយថា ប្រភពពីក្នុងប្រទេសកូរ៉េខាងជើងបានប្រាប់ RFA ថា «កាលពីដើមសប្ដាហ៍នេះ យុវសិស្សវិទ្យាល័យជាច្រើននាក់រស់នៅក្នុងក្រុង Chongjin នាភាគខាងជើងខេត្ត Hamgyong ត្រូវបានកងបញ្ជាការល្បាត ១០៩ ចាប់ខ្លួន។ អ្នកដែលនាំចូល USB មានផ្ទុកទៅដោយរឿងភាគកូរ៉េមកចែកចាយក្នុងប្រទេសខាងជើងត្រូវបានបាញ់សម្លាប់ចោល ចំណែកសិស្សដែលទិញរឿងយកមកមើលត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត ខណៈអ្នកដែលចូលរួមមើលរឿងនោះម្នាក់ៗជាប់ទោសនិងត្រូវអប់រំកែប្រែតាមរយៈការប្រើប្រាស់កម្លាំងពលកម្មចំនួន៥ឆ្នាំ»
ប្រភពដដែលបានពន្យល់បន្ថែមទៀតថា៖ «កូនសិស្សទាំងនោះត្រូវបានក្រុមបញ្ជាការល្បាត១០៩ចាប់ខ្លួនក្រោយពីសិស្សម្នាក់ដែលបានមើលរឿងនេះជាមួយនឹងសិស្សដែលបានទិញ USB រឿងហើយយកទៅប្រាប់សិស្សផ្សេងៗទៀតពីរឿងនេះ រួចមកពួកគេបានចែករំលែក USB នេះ ឱ្យគ្នាមើលជាបន្តបន្ទាប់មុននឹងត្រូវចាប់ខ្លួនបាន»
ប្រភពបានបន្តទៀតថា៖ «កូរ៉េខាងជើងបានចាត់ទុកថានេះគឺជាបញ្ហាធំព្រោះនេះគឺជាលើកដំបូងដែលអនីតិជនប្រព្រឹត្តិល្មើសហើយត្រូវចាប់ខ្លួនក្នុងខណៈដែលប្រទេសនេះកំពុងរឹតបន្តឹងការផ្សព្វផ្សាយ ឬ បោះពុម្ពផ្សាយ Content បរទេស»។ ការស៊ើបអង្កេតស្រាជ្រាវនិងដាក់ទណ្ឌកម្មចំពោះអ្នកប្រព្រឹត្តិល្មើសនឹងត្រូវចាត់វិធានការជាបន្តខណៈដែលប្រទេសនេះកំពុងបិទខ្ទប់ព្រំដែនដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដូច្នេះតើឧបករណ៍ USB នេះជ្រៀតចូលក្នុងប្រទេសនេះដោយរបៀបណា?
ក្រៅពីដាក់ទោសចំពោះសិស្សទាំងអស់នោះហើយ នាយកសាលា រដ្ឋលេខាធិការផ្នែកអប់រំយុវជន និងគ្រូបន្ទុកថ្នាក់របស់សិស្សទាំងអស់ត្រូវបានដកតំណែង និងបណ្ដេញចេញពីសមាជិកភាពបក្ស។ អាជ្ញាធរប្រទេសកូរ៉េខាងជើងកំពុងតែដឹកនាំដំណើរការពង្រីកវិសាលឱ្យកាន់ធំស្វែងរកចាប់ខ្លួនអ្នកលក់ CD និង USB ដែលមានផ្ទុកភាពយន្តបរទេសហើយកំពុងចរាចរណ៍នៅក្នុងទីផ្សារកូរ៉េខាងជើង។
គួរដឹងថានេះមិនមែនជាលើកទីមួយឡើយដែលអាជ្ញាធរប្រទេសកូរ៉េខាងជើងបានរឹតបន្តឹងច្បាប់និងដាក់ទោសចំពោះជនជាតិកូរ៉េខាងជើងដែលល្មើសលួចមើលរឿងឬស្ដាប់បទចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង៕