រយៈពេល៥ថ្ងៃ ចាប់​ថ្ងៃទី២២ ដល់​ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមរយៈ​មហោស្រព​វប្បធម៌​អាស៊ី និង​អឺរ៉ុប បាន​នាំយក​ស្នាដៃ​របស់​សិល្បករ៣៧រូប​មកពី​ទ្វីបអាស៊ី​និង​អឺរ៉ុប មក​ដាក់តាំង​បង្ហាញ​ឱ្យ​ទស្សនា​ដោយ​សេរី​នៅ​សារមន្ទីរ​ជាតិ។ ការតាំងពិព័រណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សាមគ្គីភាព​និង​ចំណងមិត្តភាព​លើ​វិស័យ​វប្បធម៌​នៃ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប។

ស្នាដៃ​ដែល​បានមក​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មហោស្រព​នេះ បាន​ផ្អែកលើ​ប្រធានបទធំៗចំនួន៦គឺ ជា​ស្នាដៃ​ចម្លាក់ រូបថត រូបគំនូរ ឬ​គ្រឿងអលង្ការ វីដេអូ​ខ្លី ដែល​ឆ្លុះ​បង្ហាញ​បទពិសោធន៍ ការធ្វើដំណើរ​ឆ្លង​ទ្វីប ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការទទួល​ឥទ្ធិពល​គំនិត​រវាង​សិល្បករ​នៃ​ទ្វីប​ទាំងពីរ។ ស្នាដៃ​សិល្បៈ​របស់​សិល្បរ​អ៊ឺរ៉ុប ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​តាំង​បង្ហាញ​ក្នុងឱកាស​នេះ គឺ​ពណ៌នា​អំពី​ប្រធានបទ​ដូចជា Happy Head, Sahaka playground, Encountering culture, The longest voyage, Thing that count, និង II Nodo: A sketch of hope ជាដើម។

បើទោះជា​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ពុំទាន់​បាន​គ្រប់គ្រង​ទាំងស្រុង ប៉ុន្តែ​ឥទ្ធិពល​នៃ​ជំងឺ​នេះ ពុំបាន​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នានា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី ១៣ នេះឡើយ ព្រោះ​តាម​ជាក់ស្តែង ការរៀបចំ​ពិ​ពណ៌​បង្ហាញ​ស្នាដៃ​សិល្បៈ​អបអរ​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្នុង​បរិបទ​ពីរ​គឺ​តាមរយៈ​អន​ឡាញ និង ការតាំង​ផ្ទាល់​នៅក្នុង​សា​រម​នី្ទ​រ​ជាតិ​កម្ពុជា។

មហាជន អាច​អញ្ជើញ​ទៅ​ទស្សនា​ស្នាដៃ​ជាច្រើន​កំពុងតែ​តាំង​បង្ហាញ និង​បាន​ទស្សនា​រូបភាព​កម្រ​ដែល​អាយុកាល​រាប់រយឆ្នាំ ដោយ​សេរី​រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

Share.