ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០។ ល្ខោន​ស្រមោល​ស្បែក​ធំ មាន​ដើមកំណើត​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាតាំងពី​សម័យមុន​អង្គរ​នៅក្នុង​សតវត្សរ៍​ទី៩។

បើតាម​ឯកសារ​ប្រភព​នៃ​ល្ខោនស្បែក​ខ្មែរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងទៀតថា ល្ខោនស្បែក​ធំ​នេះ គេ​ឃើញ​មានការ​សម្តែង​ក្នុង​ពិធីបុណ្យធំៗ ដូច​ជាការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ច្រើន​កុះករ​ចូលរួម ។

ល្ខោនស្បែក​ធំ ឬ​ល្ខោន​ស​ម្រោ​ល​ស្បែក​ធំ ជា​សិល្បៈ​ស្រមោល​មួយបែប ដែល​ប្រើប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក មក​សម្តែង​ជា​ឈុត​ឆាក​សាច់រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំងនោះ​ត្រូវគេ​ដាប់ និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគច្រើន​ជា​រឿង​បែប​ព្រហ្ម​ណ៍​សាសនា។ ល្ខោនស្បែក​ធំ គឺជា​សិល្បៈ​មួយ​មាន​ប្រវត្តិ​នៅពេល​ព្រហ្ម​សាសនា​ចូលមក​ទឹកដី​ខ្មែរ។

ការសម្ដែង​របាំស្បែក​ដ៏​មហាអស្ចារ្យ​មួយ​នេះ កាលពី​សម័យមុន គេ​ប្រើ​ភ្នក់ភ្លើង​គប់ ដើម្បី​បញ្ចាំង​ស​ម្រោ​ល​របស់​ស្បែក​នៅលើ​ផ្ទាំងសំពត់ស។ ការសម្ដែង​ល្ខោន​នេះ ចាំបាច់​ត្រូវ​ព្រម​សម្ដែង​ជាមួយ​ឧបករណ៍​ភ្លេងខ្មែរ វង់ភ្លេង​ពិណពាទ្យ ដើម្បី​ប្រគុំ និង​ពោល​ដំណើរ​នៃ​សាច់រឿង។ រឿង​ភាគច្រើន​ដែល​គេ​លើក​យកមក​សម្ដែង គឺ​រឿង រាម​កេ​រ្ដ៍។

សូមជម្រាបថា ល្ខោនស្បែក​នេះ​បាន​ឆ្លុះ​បង្ហាញ​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល​របស់​ដូនតា​ខ្មែរ ដែល​បង្កើត​សិល្បៈ​នេះ​ឡើង​ឱ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ៕

Share.