ថ្មីៗនេះ គេ​បានឃើញ​តារា​សម្ដែង​ល្បីឈ្មោះ​ប្រុស​រូប​សង្ហា លោក តុង​លី បញ្ចេញ​កាយវិកា​ស្និទ្ធ​ជាមួយ​តារា​ស្រី​ស្អាត​កញ្ញា រចនា រ៉ា​វ៉ា​ឌី។ តារា​ទាំងពីរ​ដួង​នេះ បើតាម​គេ​ដឹង​គឺ​ទើបតែ​បាន​ចាប់​ដៃគូ​គ្នា​ជា​លើកដំបូង​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​ឱ្យ​ស្ថានីយទូរទស្សន៍​បាយ័ន។ យ៉ាងណាមិញ តារា​ប្រុស​កូនកាត់​ចិន​រូបនេះ ក៏បាន​ទម្លាយ​ថា នៅក្នុង​រឿង​ដំបូង​នេះ​មាន​ឈុត​សាច់​ប៉ះ​សាច់​ជាមួយ​កញ្ញា រចនា រ៉ា​វ៉ា​ឌី។

លោក តុង លី បានផ្ដល់​បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន​ត្រយង​ថា ជាការ​ពិតណាស់ នេះ​គឺជា​រឿង​ភាគ​ដំបូង​ដែល​លោក​បាន​ចូលរួម​សម្ដែង​ជាមួយ​តារា​រៀមច្បង​ដូចជា កញ្ញា រចនា រ៉ា​វ៉ា​ឌី មាន​ចំណងជើង​ថា «ម៉េ​ម៉ា​យ​សម្បូរ​ស្នេហា» ។ លោក​ថា បើទោះបីជា​លើកដំបូង​ក៏ពិតមែន ក៏ប៉ុន្ដែ​មាន​ឈុត​សាច់​ប៉ះ​សាច់ ដូចជា ឈុត​ស្នេហា ឈុត​ថើប​ប៉ះ​ថ្ពាល់ ឈុត​កៀក​ស្នា ជាដើម។ លោក​ថា ការសម្ដែង​ជាមួយ​កញ្ញា​គឺ មិនមាន​ភាព​អៀនខ្មាស​ទេ ព្រោះ​គ្រប់​ប្លង់​ទាំងអស់ លោក​និង​កញ្ញា​សម្ដែង​ងាយ​ចូល​តួ និង​សម​តង់​គ្នា​ខ្លាំង​មែនទែន។

តារា​ប្រុស​កម្ពស់​ខ្ពស់ស្រឡះ​រូបនេះ បាន​បន្ដទៀតថា បើ​និយាយ​ពី​អត្តចរិត​ពិត​រប​ស់ក​ញ្ញា រចនា រ៉ា​វ៉ា​ឌី ក្នុង​ការងារ​សិល្បៈ គឺ​លោក​មានការ​ពេញចិត្ត​ខ្លាំង​ណាស់ ដោយសារតែ​កញ្ញា​ជាម​នុស្ស​ស្រី​ម្នាក់​ដែល​សុភាពរាបសា មាន​ភាពក្លាហាន និង​រួសរាយ​រាក់ទាក់​ខ្លាំង​មែន មិនដែល​ប្រកាន់ខ្លួន​ថា​ជា​តារា​រៀមច្បង​ដាក់​លោក តែ​កញ្ញា​តែងតែ​ចែករំលែក​ពីបទ​ពិសោធន៍​ក្នុងការ​សម្ដែង​ដល់​លោក​ជានិច្ច។

លោក តុង​លី បាន​បន្ដ​បញ្ជាក់ទៀតថា អ្វីដែល​ធ្វើឱ្យ​លោក​កាន់តែ​ចូលចិត្ត និង​ចង់​ធ្វើការ​សម្ដែង​ជាមួយ​កញ្ញា រចនា រ៉ា​វ៉ា​ឌី ក៏​ដោយសារតែ កញ្ញា​គឺជា​មនុស្ស​គោរព​ពេលវេលា និង​ឱ្យ​តម្លៃ​អ្នកដទៃ​ដែល​នៅក្បែរ​ខ្លួន មិន​ថា​ក្រុមការងារ ឬ​តួ​សម្ដែង​ដូចគ្នា ក៏​កញ្ញា​នៅតែ​គោរព​ស្រឡាញ់​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​ជានិច្ច។

សូម​ជម្រាប​ផងដែរ​ថា នៅក្នុង​រឿង​ភាគ «ម៉េ​ម៉ា​យ​សម្បូរ​ស្នេហា» ក៏មាន​ការចូលរួម​សម្ដែង​ពី​តួល្បីៗដូចជា អ្នកនាង ស្វែង សុជាតា លោក ព្រី​នស៍ កញ្ញា រចនា រ៉ា​វ៉ា​ឌី លោក តុង​លី បញ្ញា​សិទ្ធ និង​តារា​សិល្បៈ​ជាច្រើន​ដួង​ទៀត៕

Share.