កន្លងមកថ្មីៗនេះ មានការ​វែកញែក​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ភាពយន្ដ​ឯកសារ​បែប​រន្ធត់​លោះ​ព្រលឹង​មាន​ចំណងជើង​ថា «អាពាហ៍ពិពាហ៍៩៣» ឬ Wedding 93 ។ ភាពយន្ដ​នេះ​មាន​រយៈពេល ១ម៉ោង១១នាទី ដែល​អ្នកដឹកនាំ​រឿង និង​រៀបចំ​វីដេអូ​ភាពយន្ដ​នេះ​គឺ លោក Paul Zagaris ជា Producer។

ភាពយន្ដ​នេះ ត្រូវបាន​អ្នកដឹកនាំ​រឿង​ទិញ​ខ្សែអាត់​វីដេអូ​ក្នុង​ហេតុការណ៍​នៃ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទីជនបទ​ក្នុងប្រទេស​កម្ពុជា នា​អំឡុង​ឆ្នាំ ១៩៩៣ រវាង​កូន​ក​ម្លោះ​អ្នកមាន​ឈ្មោះថា បុល និង​កូនក្រមុំ​ឈ្មោះថា រ៉ា។ ភាពយន្ដ​ទាំងស្រុង​នៅ​មិនទាន់​បង្ហាញខ្លួន​នៅ​ផ្ទាំង​ក្រណាត់ស​ក្នុង​រោងភាពយន្ដ​នៅឡើយ​ទេ ក៏ប៉ុន្ដែ​បាន​ចូលរួម​បង្ហាញខ្លួន​ក្នុង​មហោស្រព​ភាពយន្ដ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក កាលពី​អំឡុង​ខែ តុលា ឆ្នាំ២០២១នេះ។

បើ​មើល​តាម​វីដេអូ Trailer គេ​បានដឹង​សាច់រឿង​ថា នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​រវាង​កូន​កំ​ឡោះ បុល និង​កូនក្រមុំ រ៉ា ហេតុការណ៍​ចម្លែក​មួយ​បាន​កើតឡើង​ចំពេល​ធ្វើ​ពិធីសំពះផ្ទឹម។ ភ្លាមៗកូនក្រមុំ​មាន​ចាប់ផ្ដើម​បង្ហាញ​ទឹកមុខ​ចម្លែក ភ្នែក​កាត់​ឡើងលើ រាងកាយប្រកាច់ៗ ផ្អើល​អស់អ្នក​នៅក្នុង​ក​ម្ម​វិធី​ទាំងមូល។ គ្រប់គ្នា​ជឿថា កូនក្រមុំ​មានព្រលឹង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​នាង។

បន្ទាប់មក នាង​បាន​រត់ចេញ​ចោល​រោងការ រួច​ឡើងដើមឈើ​ធំ​មួយ អង្រួន​សឹង​បាក់​ដើម និង​សម្លក់សំឡឹង​មកក្រោម​ដោយ​កែវភ្នែក​គួរឱ្យខ្លាច។ អ្នកចូលរួម​ក្នុង​ពិធី ព្រមទាំង​ក្រុមគ្រួសារ​ទាំងសងខាង ក៏ដូចជា​អ្នកផង បាននាំគ្នា​តាម​ចាប់​នាង​ត្រឡប់ទៅផ្ទះ ប៉ុន្តែ​ចុងបញ្ចប់​មិនទាន់​ដឹង​ទៅជា​យ៉ាងណា​នៅឡើយ។

បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក Wedding 93 និង គេហទំព័រ IMDB បានបង្ហាញ​ឱ្យឃើញថា ភាពយន្ដ  «អាពាហ៍ពិពាហ៍៩៣» ឬ Wedding 93 ជាប់​លំដាប់​ទី១ ក្នុងចំណោម​ភាពយន្ដ​ខ្មែរ​មាន​អ្នកស្វែងរក​ច្រើនជាងគេ និង​រង​លំដាប់​ទី៤ នៃ​ភាពយន្ដ​បែប​រន្ធត់​ក្នុងចំណោម​ភាពយន្ដ​បរទេស។

គួរបញ្ជាក់​ឱ្យដឹង​បន្ថែមថា ភាពយន្ដ​ឯកសារ​មួយ​នេះ ត្រូវបាន​អ្នកគាំទ្រ​រំពឹងថា នឹងមាន​ការចាក់​បញ្ចាំ​ង​នៅក្នុង​រោងភាពយន្ដ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ទទូច​ឱ្យមាន​ការដាក់​បញ្ចាំង​នៅក្នុង Netflix ផងដែរ៕

Share.