ជាលក្ខខណ្ឌថ្មីមួយទៀតសម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នទាំង៦នេះ។ក្នុងនោះក្រសួងមុខងារសាធារណៈ តម្រូវឲ្យបេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ទាំង២លើករួចរាល់សិន។

ស្ថាប័នទាំងនោះរួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅថ្ងៃប្រឡងបេក្ខជនត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ថាសាមីខ្លួនបានចាក់វ៉ាក់សាំង។​ ក្នុងករណីដែលបេក្ខជនមិនអាចចាក់វ៉ាក់សាំងបានត្រូវបានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាល រាជធានី ខេត្ត។

គណៈកម្មការរៀបចំការប្រឡងនឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបេក្ខជននៅពេលដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈត្រូវបានបិទបញ្ចប់៕

Share.