យោងតាម​សេចក្ដីប្រកាស​រឿង «ព្រះ​អនុ​រុ​ទ្ធ ព្រះ​នាង​ឱ​ស្យា» បានបញ្ជាក់​ឱ្យដឹងថា ក្រុមការងារ​សម្ដែង​បានសម្រេច​កំណត់​យក​កាលបរិច្ឆេទ​សម្ដែង​រឿងនេះ​ជាថ្មី​ចំនួន ០២ ថ្ងៃ ជាប់​គ្នា គឺ​នៅ​ថ្ងៃទី៤ និង​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពី​មានការ​អាក់ខាន​សម្ដែង​ដោយសារ​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩។

ចំពោះ​ពេលវេលា​នៃ​ការសម្ដែង​ប្រព្រឹត្ត​ទៅតាម​កាលបរិច្ឆេទ​ដូចតទៅ​នេះ៖
– ការសម្ដែង​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេន​ទី១ នៅវេលា​ម៉ោង ២:០០ ដល់ ៣:៣០ នាទី​រសៀល  និង​វេន​ទី២៖ វេលា​ម៉ោង ៦:០០ ល្ងាច ដល់ ៧:៣០ នាទី​យប់ ។
-ការសម្ដែង​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ សម្ដែង​ចាប់ពី វេលា​ម៉ោង ៣:០០ ដល់ ៤៣០ នាទី​រសៀល និង​បន្ថែម​ការសម្ដែង​នៅ​ម៉ោង ៦:០០ ល្ងាច ដល់ ៧:៣០ នាទី​យប់​ថែមទៀត។

ចំណែក​សំបុត្រ​ចូល​ទស្សនា ក្រុមការងារ នឹង​រៀបចំ​ប្តូរ​សំបុត្រ​ជូន​ចាប់​ថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ដល់​ម៉ោង ៥០០ នាទី​ល្ងាច នៅ​សាល​មហោស្រព​ចតុម្មុខ។

ទោះជា​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ បានធ្វើឱ្យ​ផ្ទាំងទស្សនីយភាព​ដ៏​ល្អ​ឯក​មួយ​នេះ​ត្រូវបាន​ពន្យារពេល​សម្ដែង​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​បងប្អូន​ប្រិយមិត្ត​ជា​អ្នកគាំទ្រ​នៅតែ​បន្ត​រង់ចាំ​យ៉ាង​អន្ទះសារ ដូច្នេះ​ពេលនេះ​ជា​ពេលវេលា​សមស្រប​មួយ​ដែរ​ហើយ ទើប​ក្រុមការងារ​បានសម្រេច​ចិត្ត​រៀបចំ​សម្ដែង របាំ​ក្បាច់បុរាណ «ព្រះ​អនុ​រុ​ទ្ធ ព្រះ​នាង​ឱ​ស្យា» ទៅតាម​កាលបរិច្ឆេទ​ដូច​ជំរាបជូន​ខាងលើ។

ក្រុមការងារ​អតីត​សិល្បករ​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ដឹងគុណ​យ៉ាង​ក្រៃលែង បន្ទាប់ពី​មើលឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បង្ហាញ​ក្ដី​ស្រលាញ់​និង​នៅតែ​គាំទ្រ ហើយ​ទន្ទឹងរង់ចាំ​ការសម្ដែង​នូវ​ផ្ទាំងទស្សនីយភាព​របាំ​ក្បាច់បុរាណ​រឿង «ព្រះ​អនុ​រុ​ទ្ធ ព្រះ​នាង​ឱ​ស្យា» ជា​បន្តទៀត ទោះជា​កន្លងមក​ធ្លាប់​ពន្យារពេល​សម្ដែង​ម្ដង​ជា​ពីរដង​ក្ដី។

សូម​ជម្រាបត្រួសៗពី​តំណាល​សាច់រឿង «ព្រះ​អនុ​រុ​ទ្ធ ព្រះ​នាង​ឱ​ស្យា» យ៉ាង​ដូច្នេះ៖ ក្នុង​នគរ​មួយ​មាន​ស្តេច​មួយអង្គ​ព្រះនាម​អនុ​រុ​ទ្ធ គង់នៅ​នគរ​នរ​ង្កា​ជាមួយ​ព្រះ​អយ្យកោ​ព្រះនាម​ច័​ក្រ​គ្រឹ​ត។ រីឯ​នៅ​នគរ មួយទៀត​មាន​ស្ដេច​យក្ស​មួយអង្គ​ព្រះនាម​ក្រុង​ពាន មានបុត ២អង្គ បុត្រី​ព្រះនាម​ឱ​ស្សា មាន​រូបឆោម​ល្អ​ស្អាត ឯ​បុត្រា​មាន ព្រះនាម​ទសមុខ មាន​រូបឆោម​កាត់​រក​បិតា​ជាយ​ក្ស។ ថ្ងៃមួយ​ព្រះ​អនុ​រុ​ទ្ធ​បាន​ចេញទៅ​ក្រសាល​សួន ក៏បាន​ជួបនឹង កិន្នរ ដែល​មកលេង​ក្នុង​ស្រះបោក្ខរណី ព្រះអង្គ​នាំ​ពួក​សេនា​ចែចង់​លេង​កម្សាន្ដ ពួក​កិន្នរ​ភ័យ​ក៏​នាំគ្នា​ហោះ​ចេញទៅ ឯ​ពួក​សេនា​នាំ គ្នា​ដេញតាម ។  រីឯ​ព្រះ​អនុ​រុ​ទ្ធ​វិញ គង់​ក្រសាល​សួន​មួយ​ព្រះអង្គឯង ចាំ​សេនា វិល​មកវិញ ក៏​ផ្ទុំ​លង់លក់​ក្រោម​ដើម​ជ្រៃ​ទៅ។ ចំណែក​ទេវតា​គង់​ក្សា​រ​ដើម​ជ្រៃ​ក​ប្រមើល​ឃើញថា ព្រះ​អនុ​រុ​ទ្ធ ជា​គូ​នឹង​ព្រះ​នាង ឱ​ស្សា ក៏​ពរ​ព្រះ​អនុ​រុ​ទ្ធ​ទៅ​ដាក់​ក្នុង​តំណាក់​របស់​ព្រះ​នាង​ឱ​ស្សា ហើយ​សេព​មន្ត​ចង​មាត់ មិនឱ្យ​និយាយ​រកគ្នា​បាន។ ទាំងពីរ​ព្រះអង្គ​កើន​ឡើ​ទត​ឃើញ​គ្នា តែ​និយាយ​រកគ្នា​មិន​រួច។ តើ​ចំណងស្នេហា​រវាង​ព្រះ​អនុ​រុ​ទ្ធ និង​ព្រះ​នាង​ឱ​ស្សា កើតឡើង​ដោយ​របៀប​ណា?

ចំពោះ​បងប្អូន​ដែល​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​ចំនួន៣ ខ្សែ​នេះ ៖ ០១២ ២៥០ ៥៥៦ / ០៨៦ ៤៣៤ ៤៥៦ / ០១២ ៧៣៨ ៨៧៨៕

Share.