ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ford បុកម៉ូតូហុងដាឌ្រីម នៅយប់ថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 20 21 តាមបណ្ដោយផ្លូវ 271 កែងជាមួយនឹងផ្លូវ 60 ម៉ែត្រ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញរថយន្តFord មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-0969 ជិះគ្នាពីរនាក់តាមបណ្ដោយផ្លូវ 271 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុប ក្បាលថ្នល់ក៏បានបុកពេញទំហឹងជាមួយហ្នឹងម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IZ-3614 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងតាមដងផ្លូវ 60 ម៉ែត្រ បណ្ដាលឱ្យម៉ូតូនិងរថយន្តរងការខូចខាត ចំណែកឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានរថយន្ដសង្រ្គោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ​ភ្នាក់ងាររាជធានី

Share.