ពេលវេលា​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​មកដល់​ហើយ ឈុត​តំណាង​ជាតិ Miss Grand Cambodia 2021 ដែលមាន​ឈ្មោះថា «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» នឹងត្រូវ​បង្ហាញខ្លួន​ជូន​មហាជន​អ្នកគាំទ្រ​នៅលើ​ឆាក​ប្រកួត​លំដាប់​អន្ដរជាតិ Miss Grand International 2021 នា​យប់​នេះ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២។ ការប្រកួត​វគ្គ​ឈុត​តំណាង​ជាតិ​នេះ នឹងធ្វើ​ឡើងនៅទីក្រុងបាងកក ប្រទេស​ថៃ។

បើតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក  Miss Grand Cambodia បាន​រៀបរាប់ថា « ចូលរួម​ឱ្យកម្លាំង​ចិត្ត​ទៅដល់​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ២០២១ ( Miss Grand Cambodia 2021 ) ក្នុង​ថ្ងៃ​បង្ហាញ​ឈុត​តំណាង​ជាតិ ដ៏​អស្ចារ្យ​មួយ​នេះ ទាំងអស់គ្នា ឈុត​តំណាង​ជាតិ​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌ នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃទី៣០ ខែ វិច្ឆិកា នេះហើយ នៅក្នុង​កម្មវិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​អន្តរជាតិ​ឆ្នាំ២០២១ ( Miss Grand international 2021 ) នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ Channel YouTube : Grand TV តែមួយគត់»។

យ៉ាងណាមិញ បវរកញ្ញា ប៉ូ គីម​ថេ​ង​សុ​ត​ធីតា ក៏បាន​ធ្វើការ Live នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា កញ្ញា​ពិតជា​រំភើប​ខ្លាំង​មែនទែន ខណៈដែល​បានបង្ហាញ​ឈុត «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» នៅលើ​វេទិកា​អន្ដរជាតិ​មួយ​នេះ។ កញ្ញា​ថា ខណៈ​កំពុង​ហាត់​សម​ដំណើរ​នៅលើ​ឆាក​យប់មិញ​នេះ កញ្ញា​ពិតជា​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​ណាស់ រហូតដល់​ស្រក់​ទឹកភ្នែក​មក​តែម្ដង នៅពេលដែល​ពិធីករ​ធ្វើការ​ពោល​រៀបរាប់​អំពី​អត្ថន័យ​របស់​ឈុត«ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» មួយ​នេះ។  កញ្ញា​បន្ដថា កញ្ញា​មិន​ធ្លាប់​នឹកស្មាន​សោះ​ថា កូន​ខ្មែរ​អាច​នាំ​ឈុត​ដ៏​ប្រណីត និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ដ៏​អសច្ចារ្យ​នេះ បង្ហាញ​ឱ្យ​មហាជន​ទូទាំង​ពិភពលោក​បានឃើញ។ កញ្ញា​ប្រាប់​អ្នកគាំទ្រ​ថា កញ្ញា​គ្មាន​ពាក្យ​ថា​នឿយហត់​នៅក្នុង​ចិត្ត​ឡើយ គឺ​កញ្ញា​នឹង​តស៊ូ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត។ កញ្ញា​សូម​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​ចូលរួម​ទស្សនាការ​ប្រកួត​ឈុត​តំណាង​ជាតិ នា​វេលា​ម៉ោង ៧ យប់ តាមរយៈ​ឆា​ណែ​ល​យូ​ធូប Grand TV ។

សូម​ជម្រាប​ផងដែរ​ថា  ឈុត «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» បាន​រចនា​ម៉ូដ​រំលេច​ព្យព្ជានៈ​ទាំង ៣៣តួ បូករួម​នឹង តួលេខ​ខ្មែរ​ពី​លេខ១ដល់​លេខ។ លក្ខណៈពិសេស​នៃ​ឈុត​នេះ​គឺ ផ្ទាំង​អក្សរ​កាត់​ពី​កញ្ចក់​ភ្លឺ​ថ្លា ពេល​ដែលមាន​ពន្លឺ​ចាំង​ផ្លាត​មក នោះ​នឹង​ធ្វើឱ្យ​ព្យញ្ជនៈ​ខ្មែរ​ពោរពេញ​ទៅដោយ​ពន្លឺ​ពណ៌​មាស នៅលើ​ឆាក​តែម្ដង។ ឈុត​នេះ​ត្រូវបាន​រចនា​ម៉ូដ​ដោយ លោក លី ភក្ត្រា​រដ្ឋ​ហ្វុ​ង នឹង​លោក សាយ ធារ៉ា និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត ខិតខំ​លះបង់ ពេលវេលា កម្លាំងកាយ​ចិត្ត​ពិតប្រាកដ ក្នុងការ​ធ្វើ​ឈុត​តំណាង​ជាតិ​ដ៏​អស្ចារ្យ​ប្រកបដោយ​ប្រណីតភាព នាំមក​នូវ​មោទនា​ភាព៕

Share.