យុវជន​ក្ដី​ ​ ​មហាជន​ទូទៅ​ក្ដី​ ​ មាន​ជីវិត​ជា​បុណ្យ​ដ៏​កម្រ​ណាស់​!​ ​ជីវិត​មិន​វែង​ប៉ុន្មាន​ទេ​ ​គឺ​ជីវិត​ ​រាល់​រូប​ ​ខ្លី​ ​ណាស់​។ ​នរណាៗ​ ​​ក៏​ចង់​រស់​ដែរ​។​ ដើម្បី​រស់​ក្នុង​ភាព​ជា​មនុស្ស​ខុស​ពី​សត្វ​ ​គប្បី​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​៤​យ៉ាង​។​

ទី១​.​រៀន​!​ ​ប្រឹងរៀន​ ជា​ការ​សិក្សា​ ​ខំ​សង្កេត​​ ឲ្យ​ ​ចេះ​ ទទួល​ ​យកចំណេះ​ ​ហាត់​ ​ហ្វឹក​ ​ឲ្យ​មាន​ជំនាញ​ពិត​ប្រាកដ​ ដើរ​ឱ្យ​ទាន់​ការ​វិវត្ត​របស់​សង្គម​។​

ទី២​.​រក​!​ ​ប្រឹង​រក​ ប្រឹង​ធ្វើ​ ជា​ការ​រកស៊ី​ ​ប្រកប​កិច្ចការ​ឲ្យ​បាន​ជា​ ​ទ្រព្យធន​ធាន​ ប្រឹង​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​ដោយ​ សុចរិត​។ ប្រឹង​រក​ឋានៈ​យសសក្តិ​ ​ដោយ​ធម៌​។​ ​កុំ​ផ្ដេកផ្ដួល​លើ​ព្រេង​សំណាង​ ​ កុំ​វង្វេង​នឹង​ពាក្យ​គេ​ថា​ មក​ពី​កម្ម​យើង​ជាតិ​មុន​…​។​

​ទី៣.​គិត​!​ ​ប្រឹង​គិត​, ​ ជា​ការ​ ​ត្រិះរិះ​ពិចារណា​ ​រក​ហេតុផល​។​ ​គិត​វិជ្ជមាន​ ច្រើន​ជាង​គិត​អវិជ្ជមាន​។​ ​គិត​ ​ហើយ​ សឹមធ្វើ​ កុំ​ធ្វើ​តាម​នឹក​ឃើញ​ ​ កុំ​ធ្វើ​តាម​អារម្មណ៍​។​ ​ពាក្យ​ចាស់​ថា​ គិត​រួច​សឹម​គូរ​!​ ​គិត​រៀប​ផែនការ​ អនុវត្ត​តាម​ផែនការ​គូស​វាស​។​ ​តែ​កុំ​គិត​ធំ​ពេក​​ ចូរ​គិត​ត្រឹម​លទ្ធភាព​ ដែល​អាច​ធ្វើ​ទៅ​រួច​។​

ទី​៤​.​ប្រព្រឹត្ត​ល្អ​!​ ​ប្រឹង​ប្រព្រឹត្ត​ល្អ​ធ្វើ​ល្អ​ ​។ ​ទម្លាប់​ធ្វើ​ល្អ​ ​ នាំ​ឱ្យ​សកម្មភាព​លេច​ចេញ​ល្អ​ៗ​ ​។​ ​សកម្មភាព​ល្អ​ ក៏​រមែង​នាំ​ឱ្យ​ទទួល​ផល​ល្អ​។ ​ពោល​គឺ​ នាំ​ឲ្យ​យើង​ភព​ប្រសព្វ​តែ​សេចក្តី​សុខ​ចម្រើន​ជានិច្ច​និរន្តរ៍​ ​។​

​អនុវត្តមាគ៌ា​៤​យ៉ាង​នេះ​ជា​រឿយ​ ​ៗ​ ​យូរៗ​ទៅ​ក្លាយ​ជា​ទម្លាប់​ ​ ក្លាយ​ជា​គោលការណ៍​ ​ និង​ក្លាយ​ជា​ច្បាប់​ជីវិត​ ​ប្រៀប​បី​ដូច​ ​ជា​យើង​ ​មាន​ជីវិត​ ​រស់​ ​នៅ​ ​រាប់ពាន់​ឆ្នាំ​។​

​ព្រះ​ភិក្ខុ​ សុង​ ​ពិសិទ្ធ​
អនុប្រធាន​ក្រុម​ការងារ​សិក្ខា​សាលា​ ​ និង​អប់រំ​សីលធម៌​៣​ខេត្ត​

Share.