រថយន្តដឹកក្រដាសអេតចាយសំពីងសំពោងបើកបត់ឆ្វេងឆ្លងផ្លូវបួងចង្កូតខ្លាំងពេកក្រឡាប់បះជើងនៅកណ្តាលផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១០ព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបបាគូផ្លូវ៥០ម៉ែត្រ ភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក KAI ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3D-2270បើកបរដោយបុរស ម្នាក់ដឹក ក្រដាសឡាំងអេតចាយពេញសំពីងសំពោង បើកបរតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីត្បូង ទៅជើង។ខណៈមកដល់ត្រង់ចំណុចស្តុបបាគូបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវដោយល្បឿននៅលឿនក្រឡាប់បះជើង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យទីតាំងកន្លែងកើតហេតុ។ដោយមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងមានការខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចក៏អនុញ្ញាតឱ្យម្ចាស់ រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖សេង សាវី

Share.