នេះ​ជា​ខួប​លើក​ទី៥ នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦-ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី។ ឧបករណ៍​ចាប៉ីដងវែង ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​ទំនៀម​ទំលាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឧបករណ៍​ប្រើ​សម្រាប់​លេង​នៅក្នុង​វង់ភ្លេង​ការ វង់ភ្លេង​បុណ្យ និង​វង់ភ្លេង​មហោរី​ជាដើម។

ក្រៅពីនេះ ចាប៉ីដងវែង អាច​ប្រើ​សម្រាប់​លេង​កំដរ​អារម្មណ៍ ឬ​ច្រៀង ឬ​ពោល​ពាក្យពេចន៍​សារសព្ទ កំណាព្យ​កាប​ឃ្លោង​ចុង​ជួន​នានា ដើម្បី​បំពេរ​អារម្មណ៍​អ្នក​ស្តាប់ ក្នុង​គោលបំណង​អប់រំផ្សេងៗផងដែរ។ ដោយ​ក្នុងនោះ អ្នក​ដេញចាប៉ី​នេះ​អាច​ច្រៀង ឬ​ពោល​កំណាព្យ​ឱ្យ​អ្នក​ស្ដាប់​លន្លង់លន្លោច​ទៅតាម​សាច់រឿង។ សព្វថ្ងៃនេះ ក្នុងប្រទេស​កម្ពុជា គេ​ឃើញ​នៅមាន​នៅសល់​អ្នកប្រាជ្ញ​ផ្នែក​ចាប៉ីដងវែង​មួយរូប​ប៉ុណ្ណោះ​គឺ លោកតា គង់​ណៃ ដែល​លោក​មាន​វ័យចាស់​ជរា និង​មាន​ជំងឺ​ប្រចាំកាយ​ថែម​ទៀតផង។ ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ​បានចាត់ទុក​ព្រឹទ្ធាចារ្យ គង់ ណៃ ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​របស់​កម្ពុជា និង​អង្គការ យូណេស្កូ ដោយសារ​ទេពកោសល្យ​ក្នុងការ​ប្រើប្រាស់ ពាក្យពេចន៍ និង​កេ​រ្ត៍​ឈ្មោះ​ល្បីល្បាញ​តាមរយៈ​ចម្រៀង​ចាប៉ីដងវែង​ជាច្រើន​ទសវត្សរ៍​មកហើយ។

យ៉ាងណាមិញ គេ​ក៏​ឃើញ​មាន​សិល្បករ​មួយចំនួនទៀត ដែល​និយម​សម្ដែង​សិល្បៈ​ចាប៉ីដងវែង ដូចជា លោក ពេជ្រ សារ៉ាត់ លោក សាន វណ្ណ​ឌឿ​ន លោក ឌួង សុខ​គា ជាដើម។ ដោយឡែកបច្ចុប្បន្ននេះ ទម្រង់​សិល្បៈ​ចាប៉ីដងវែងត្រូវបាន​គេ​សម្គាល់​ឃើញ​មានការ​បង្ហាញខ្លួន​តាម​រយៈ​កម្មវិធីធំៗដូចជា កម្មវិធី​ពិព័រណ៍ ឬ​មហោស្រព ជាជាង​កម្មវិធី​បុណ្យ​តាម​ភូមិ​តូចតាច​នៅតាម​ទីជនបទ​ទៅវិញ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

Share.