កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ សារព័ត៌មាន​ដ៏​ធំមួយ​របស់​ថៃ​ដែល​មាន​ឈ្មោះ​ថា​ «Khaosod» បាន​ចុះ​ផ្សាយ​ព័ត៌មាន​​ពាក់ព័ន្ធ​នឹង​​ករណី​ចោទ​ប្រកាន់​របស់​អ្នក​គាំទ្រ​ថៃ​​មក​លើ​តារា​ចម្រៀង​ល្បី​របស់​ខ្មែរ​ ដោយ​ក្រុម​អ្នក​គាំទ្រ​ថៃ​​ទាំង​នោះ​បាន​​ចោទ​ប្រកាន់​យ៉ាង​គឃ្លើន​មក​លើ​​តារា​ចម្រៀង​ខ្មែរ​យើង​​​ថា​បាន​ Copy (ចម្លង​) បទ​ចម្រៀង​ Lisa សមាជិក​ក្រុម​ចម្រៀង​ Blackpink

សារព័ត៌មាន​ថៃ​នោះ​បាន​សរសេរ​ថា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ កន្លង​មក​ «TBP» តារា​ចម្រៀង​កម្ពុជា​បាន​បញ្ចេញ​ Single ថ្មី​ «Top Of the Lady» ដែល​នៅ​ក្នុង​ MV នោះ​​អាច​និយាយ​បានថា​គ្រប់​គ្រឿង​មិន​ថា​ សំលៀក​បំពាក់​ ម៉ូដ​សក់​ ឈុត​ឆាក​ និង​ការ​សម្ដែង​ផ្សេងៗ​គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ការ​បង្ហាញ​នូវ​សិល្បៈ​វប្បធម៌​របស់​កម្ពុជា​ឱ្យ​ពិភពលោក​បាន​ដឹង​។

សារព័ត៌មាន​នេះ​បាន​បន្ដ​ផ្សាយ​ក្នុង​អត្ថបទ​ខ្លួន​ទៀត​ថា​ អ្នក​លេង​អ៊ិន​ធឺណិត​បាន​សង្កេត​ឃើញ​ថា​បទ​ថ្មី​នេះ​មាន​ទំនុក​និង​តន្ត្រី​ស្រដៀង​នឹង​បទ​ចម្រៀង​ Blackpink ក្រុម​ចម្រៀង​ល្បី​ដែល​មាន​សមាជិក​ Lisa ជា​ជនជាតិ​ថៃ​ម្នាក់​ក្នុង​ក្រុម​នោះ​ មិន​ថា​ជា​បទ​ចម្រៀង​ DDU DU DUU DU និង​បទ​ Kill This Love

សារព័ត៌មាន​​ខាង​លើ​នេះ​ក៏​លើក​យក​​ផេក​ចំនួន​ពីរ​ដែល​​ផេក​​ទាំង​ពីរ​នេះ​​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​កម្ពុជា​ចាត់​ទុក​ថាជា​ផេក​ញុះញង់​បង្ក​​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​និង​ឈ្លោះ​ប្រកែក​គ្នា​រវាង​ប្រទេស​និង​ប្រទេស​ ប្រជាជន​និង​ប្រជាជន​ ​ដូច​ជា​ផេក​ «หนังฝังมุก» និង «ASEAN “มอง” ไทย» ដោយ​ក្នុង​នោះ​ក្រៅ​ពី​មាន​ជន​ជាតិ​​ថៃ​ចូល​មក​បង្ហាញ​ការ​យល់​ឃើញ​ហើយ​នោះ​ ក៏​នៅ​មាន​ប្រជាជន​កម្ពុជា​ក៏​បាន​ចូល​មក​ឆ្លើយ​តប​ និង​បង្ហាញ​ការ​យល់​ឃើញ​យ៉ាង​ច្រើន​ដូច​គ្នា​ដែរ​។

សូម​ចុច​អាន​ អ្នកគាំទ្រខ្មែរ តវ៉ាខ្លាំងមែនទែន រឿងថៃចោទប្រកាន់បទ «វីរនារី» ថា Copy

ចំពោះ​ការ​លើក​ឡើង​ដដែល​ជា​ដដែល​របស់​ផេក​ថៃ​ ឬ​សារព័ត៌មាន​ថៃ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​គាំទ្រ​តារា​ចម្រៀង​ ទេព បូព្រឹក្ស​​ច្រានចោល​ ហើយ​បាន​លើក​ជា​ភស្ដុតាង ​និង​អំណះអំណាង​តវ៉ា​ជា​ច្រើន​ ដែល​ស្ដែង​​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​តារា​ស្រី​រូប​នេះ​ ក៏​ដូច​ជា​ក្រុម​ការងារ​ដើម្បី​បង្ហាញ​ពី​សិល្បៈវប្បធម៌​ខ្មែរ​ ដែល​ធ្លាប់​ជា​អារ្យ​ប្រទេស​មាន​ភាព​រុងរឿង​កាល​ពី​សម័យ​បុរាណ​ ជាពិសេស​អាណាចក្រ​ខ្មែរ​ពី​បុរាណ​កាល​គឺជា​ប្រទេស​ដ៏​រីក​ចម្រើន​មាន​សិល្បៈ​ វប្បធម៌​ជា​របស់​ខ្លួន​​ ដូច្នេះ​ការ​ដែល​ភាគី​ថៃ​មួយ​ចំនួន​លើក​ឡើង​ថា​ តារា​កម្ពុជា​ទៅ​ Copy ពី​ថៃ​នោះ​គឺជា​រឿង​មួយ​ដែល​​ភាគី​កម្ពុជា​មិន​ទទួល​យក​ជា​ដាច់​ខាត​។

ជាង​នោះ​ទៀត​ក៏​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​កាត់​ត វីដេអូ​ផ្សេងៗ ដោយ​លើក​ជា​ទល្ហីករណ៍​មក​​បញ្ជាក់​ជា​អំនះអំនាង​ឆ្លើយ​តប​ទៅ​កាន់​ភាគី​ថៃ​បាន​ភ្លឺ​ភ្នែក​​ទាំង​​លើ​ Tiktok និង Facebook​ ថា​ ស្នាដៃ​ «Top Of the Lady» គឺ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ពិត​ៗ​ មិនមែន​ជា​ការ​ចម្លង​ពី​បរទេស​ដូច​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ភាគី​ថៃ​នោះ​ឡើយ​៕​​

Telegram-Troryorng
Share.