
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ នេះក្លិបកីឡាបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករសញ្ជាតិអង់គ្លេស Charlie Machell ខណៈពេលនេះលីគកំពូលកម្ពុជា បានផ្អាកសកម្មភាពប្រកួតដោយសារតែស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
ក្លិបវិសាខា បានសរសេរនៅហ្វេសប៊ុកផ្លូវការខ្លួនថា៖«ពួកយើងបានសម្រេចចិត្ដដ៏លំបាកបំផុត ក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេស Charlie Machell បន្ទាប់ពីមានការព្រមព្រៀងគ្នា។ គ្រួសារបាល់ទាត់ វិសាខា សូមជូនពរ Charlie ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត»។
ក្លិបបាល់ទាត់វិសាខា នៅសល់កីឡាករបរទេសក្នុងបញ្ជីតែ៤នាក់ប៉ុណ្ណោះ គិតត្រឹមពេលនេះ ខណៈក្រុមដែលមានមូលដ្ឋាននៅក្បែរហ្រ្គេនភ្នំពេញ នេះមានបេសកម្មប្រកួតក្នុងពានរង្វាន់ AFC Cup 2021 ផងដែរ។
ចំពោះកីឡាករCharlie Machell វ័យ២៦ឆ្នាំ ធ្លាប់ជាយុវជនថ្នាលនៅក្លិបបាល់ទាត់ Newcastle United របស់អង់គ្លេស ហើយនៅឆ្នាំ២០១៧ រូបគេបានចុះកិច្ចសន្យាកីឡាករអាជីពជាមួយក្លិប Thisted FC នៅដាណឺម៉ាក ខណៈនៅឆ្នាំ២០១៨ បានផ្ទេរទៅក្លិប 07 Vestur នៅកោះVágar និងនៅឆ្នាំ២០១៩ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយចូលរួមក្នុងក្លិបព្រះខ័នរាជស្វាយរៀង តែនៅឆ្នាំ២០២០ បានចេញទៅចូលរួមក្លិប Hougang United នៅលីគសឹង្ហបុរី និងនៅឆ្នាំ២០២១ នេះបានត្រឡប់មកកាន់ប្រទេសកម្ពុជាម្តងទៀតដោយចូលរួមជាមួយក្លិបវិសាខា៕
