លោក Ekaphob Pothisai

លោក Ekaphob Pothisai គ្រូ​បង្វឹក​​ក្រុមគិរីវង់សុខសែនជ័យ បាន​ប្រកាស​ចែក​​ផ្លូវ​ជាមួយ​ក្រុមដែល​​មានមូលដ្ឋាននៅខេត្តតាកែវ ដែល​ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា មួយ​នេះ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១ ខែធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​នេះ ខណៈ​ក្លិប​នៅ​ខេត្ត​តាកែវ មួយ​នេះ​បាន​បញ្ជាក់​ពី​ការ​មិន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​មួយ​ចំនួន​ដែល​ផុត​កិច្ចសន្យា​ផង​ដែរ។

គ្រូបង្វឹកសញ្ជាតិថៃ រូបនេះបានចូលរួមជាមួយគិរីវង់សុខសែនជ័យ នៅរដូវកាល២០១៩ បន្ទាប់ពីចំណាយពេលរយ:ពេល៣ឆ្នាំ ជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់ Top8 ប៉ុន្តែបានត្រឹមខកចិត្តសម្រាប់លទ្ធផលជើងទី២ នៅលីគកំពូលកម្ពុជាឆ្នាំ២០២១ បន្ទាប់ពីធ្វើមិនសូវបានល្អ។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​លោក Florian អគ្គលេខាធិការក្លិបគិរីវង់សុខសែនជ័យ បានចេញសារអរគុណលោក Ekaphob ចំពោះការខិតខំប្រឹងប្រែងក្នុងរយ:ពេល៣រដូវកាលកម្លងមក និងអរគុណដល់អ្នកគាំទ្រផងដែរ។ លោក​បញ្ជាក់​ថា៖«តាង​នាម​អោយ​ក្លិប ក៏​សូមអរគុណដល់គ្រូបង្វឹករបស់យើង លោក Ekabop សម្រាប់​ការ​ប្រឹងប្រែង​ជួយ​ក្លិប​៣​រដូវកាល​កន្លង​មក​ និង​អភិវឌ្ឍន៏​សមត្ថភាព​កីឡាករ​ថ្នាល​យុវជន​របស់​យើង​អោយ​កាន់​តែ​មាន​អនាគត​ភ្លឺស្វាង។ ឥលូវ​នេះ យើង​នឹង​មាន រជ្ជកាល​មួយ​ថ្មី ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ ប្រសិន​បើ​យើង​ចង់​បន្ត​រីកចម្រើន និងឈានឆ្ពោះទៅមុខ»។

លោកអគ្គលេខាធិការ​បញ្ជាក់​ទៀត​​ថា៖«ក្នុង​ដំណាក់កាល​ផ្លាស់ប្តូរ​នេះ យើង​បាន​សម្រេច​ចិត្ត សម្រាប់​ការ​ចាកចេញ​ និង​មិន​បន្ត​កុងត្រា​ដល់​កីឡាករ​ជាច្រើន ដើម្បី​នាំ​យក​កីឡាករ​ថ្មីៗ​ដែល​បទពិសោធន៏ ក៏​ដូចជា​ផ្តល់​ឳកាស​ដល់​កីឡាករ​ថ្នាល​យុវជន​របស់​យើង ដូច​អ្វី​ដែល​យើង​បាន​កំពុង​ធ្វើ​កន្លង​មក»។

បុរស​ជនជាតិ​បារាំង រូប​នេះ​បន្ថែម​ថា៖«ចុង​ក្រោយ សូម​អរគុណ​យ៉ាង​ពន់ពេក ដល់​អ្នក​គាំទ្រ​ និង​សហគមន៏​ក្លិប​របស់​យើង​ដែល​បន្ត​លើក​ទឹក​ចិត្ត​កន្លង​មក​ ទោះ​បីជា​ពួកគាត់​មិន​អាច​មក​ចូលរួម​ទស្សនា​ផ្ទាល់​ក៏​ដោយ។ យើង​នឹង​សន្យា​ថា យើង​ខិតខំ​ប្រឹងប្រែង​អោយ​កាន់​តែ​ខ្លាំង​ឡើងៗ​ សម្រាប់​រដូវកាល​បន្ទាប់ និង​ធ្វើ​អោយ​អ្នក​គាំទ្រ​មាន​មោទនភាពសម្រាប់ក្លិបនេះ។ យើង​ទន្ទឹង​រង់ចាំ​អ្នក​គាំទ្រ​របស់​យើង​រួចរាល់​ហើយ​សម្រាប់រដូវកាលខាងមុខនេះ»។

Telegram-Troryorng
Share.