ភ្នំពេញ ៖ ៤ឆ្នាំហើយ​ នៅឡើយគ្មានដំណោះស្រាយ ធ្វើ​ឲ្យ​ពលរដ្ឋ​៤គ្រួសារ​ជួបបញ្ហា​ហិត​ទឹកស្អុយ​ និងធ្វើ​ដំណើរឆ្លងកាត់​ទឹកស្អុយ​បែប​នេះ​ក្រោយពេល​មានភ្លៀងធ្លាក់។ ទីតាំងនេះស្ថិត​នៅកំណាត់ផ្លូវលំក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រវែងជាង៣០ម៉ែត្រ។​

តាមប្រជាពលរដ្ឋរស់នៅ កំពុងរងប៉ះពាល់ បានលើកឡើងថា ពួកគាត់សាំច្រមុះទៅ ហើយ មិនចង់ក៏ត្រូវតែចង់ដែរ បានត្រឹមរអ៊ូក្នុងចិត្ត រស់នៅ ទាំងត្រដរ រស់នៅ ក្នុងទឹកស្អុយជន់លិចមិនថាខែប្រាំង មិនថាខែវស្សាទេ ពោលលិចជាប្រចាំអស់រយៈពេល៤ឆ្នាំមកហើយ ព្រោះគ្មានប្រឡាយ លូបង្ហូររំដោះចេញ ទោះជាកន្លងមកអាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យ ហើយបានទាំងកាយប្រឡាយដែរ តែមិនមានកន្លែងបង្ហូរចេញ ក៏ត្រូវបានលុបចោលវិញទៅ ហើយមកដល់ពេលនេះសភាពទឹកភ្លៀងនៅ តែធ្លាក់ ធ្វើឲ្យទឹកកាន់តែជន់លិចផ្លូវ និងជោរជន់ចូលផ្ទះ ពួកគាត់ចំនួន ៨គ្រួសារ ។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងលើ​ ក៏សូមក្តីមេត្តាខាងអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធមេត្តាជួយចុះទៅ ពិនិត្យ និងដោះស្រាយធ្វើយ៉ាងណាឲ្យមានប្រព័ន្ធលូ បង្ហូររំដោះទឹកចេញពីភូមិផង ៕

Share.