ភ្នំពេញ ៖ បុរសម្នាក់ដើរថ្មើរជើងរៀបនឹងឆ្លងផ្លូវទៅហើយ ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកលឿនជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងស្តាំ ចំណែកអ្នកបើកម៉ូតូរងរបួសបែកក្បាលធ្ងន់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ​តាមផ្លូវលេខ៤២ ត្រង់ចំណុចភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បើតាមអ្នកភូមិ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ភាគីរងគ្រោះ ថ្មើរជើង ឈ្មោះ ប៉ុន ប៉ោត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុ បានដើរតាមចិញ្ចើមផ្លូវ រៀបនឹងឆ្លងផ្លូវ ពីជើងទៅត្បូង ស្រាប់តែភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រី ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ តាកែវ 1T-3968 បើកតាមបណ្តោយផ្លូវ៤២ ក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿន ជ្រុលបុកពេញទំហឹង ផ្លោងខ្ទាតម៉ូតូជាង១០ម៉ែត្រ រងរបួសបែកក្បាល ចំណែកជនថ្មើរជើងរងរបួសបាក់ជើងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តគ្លីនិកបែកចានដឹកយកទៅ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

Share.