សកម្មភាពការងារសាងសង់នៃការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែង១៨,៦៧៥គីឡូម៉ែត្រ ចាប់ពីរង្វង់ មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យមើលដើម្បីធានាគុណភាពរឹងមាំ និងអាចប្រើប្រាស់ ជាប់បានយូរអង្វែង ហើយគិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារសម្រេចបាន ៤០,៨៩% លឿនជាងផែនការប្រមាណ១,៥៥%។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាង សង់យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោម តាមស្តង់ដាបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឱ្យហើយកុំធ្វើម្តងទៀតនាំឱ្យខាតបង់ពេលវេលា និងថវិកា ដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។ 

ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង (Concrete Paving Machine) ទំនើប ដែលធ្វើឱ្យ ផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឱ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឱ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់ គ្រងស្នាមប្រេះបានល្អ ដែលកន្លងមកការឆូតកាត់ផ្លូវបេតុង (ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃប៉ុណ្ណោះ។  

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយ នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។ គម្រោងនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគិតមកត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ការងារសាងសង់សម្រេចបានប្រមាណ ៤០,៨៩% ដែលលឿនជាងផែនការប្រមាណ ១,៥៥%។ 

សូមជម្រាបជូនថា៖ ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែក ប្រវែង២២,៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម ០,៥០ម៉ែត្រសងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ)។ 

កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាម នាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុន ធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

Share.