ពលរដ្ឋប្រុស ស្រីជិត ៣០នាក់ត្រូវសមត្ថកិច្ចតំបន់ព្រំដែននាំខ្លួនក្រោយប្រមូលផ្តុំគ្នា ឆ្លងដែនចូល ក្នុងប្រទេសថៃខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសំពៅលូន។

នគរបាលជំនាញ នៃស្នងការដ្ឋានខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប ទប់ស្កាត់នេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមកនេះក្រោមកិច្ចសហការរវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ រួមជាមួយកម្លាំងយោធាជាច្រើននាក់ បានចុះ ល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង បានប្រទះឃើញ ក្នុងនោះ មួយករណី ពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង និងមួយករណីទៀត ជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាងវិញ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុពេលសមត្ថកិច្ចដើល្បាតបានប្រទះឃើញ ប្រជាពលរដ្ឋដែលបម្រុងលបឆ្លងដែននៅត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំជ្រៃសីមា ស្រុកសំពៅលូន បាននាំខ្លួនមនុស្សចំនួន ១១នាក់មកសួរនាំ។ រីឯករណីមួយទៀត សមត្ថកិច្ច បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកំណើតវិញចំនួន ១៥នាក់ ក្នុងភូមិសាស្ត្រភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយការទប់ស្កាត់ទាំង ២លើក កម្លាំងសមត្ថកិច្ចបានសាកសួរ និងអប់រំណែនាំ ដោយមួយ ចំនួនឱ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងមួយចំនួនទៀតបានប្រគល់ ឲ្យទៅ ក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ ១៣ អនុវត្តវិធានការតាមក្រសួង សុខភិបាល៕

អត្ថបទ៖ ដំបងក្រញូង

Share.