បើចង់ដូរទិសនយោបាយ ត្រូវធ្វើឃាត សម្តេចតេជោ ហ៊ុន សែន សិន! នេះជាការថ្លែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ។

ការថ្លែងរបស់សម្តេចតេជោនេះបានធ្វើឡើងស្របពេលដែលបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចត្រូវបានលើកយកមកជជែកជាសាធារណៈក្រោយពីសម្តេចបានបង្ហើប អំពីការគាំទ្ររបស់សម្តេចចំពោះបុត្រាច្បងរបស់សម្តេចឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពមួយចំនួនទៀតរបស់គណបក្សប្រជាជនកម្ពុជា។

ទាក់ទៅនឹងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី​ សម្តេចតេជោថា បើបើសិនជាសម្តេចមិនមែនស្លាប់ ដោយសារគេធ្វើឃាតទេស្លាប់ដោយសារជំងឺ ពេលនោះមិនមែនបេក្ខភាពនាយករដ្ឋមន្រ្តីតែ ហ៊ុន ម៉ាណែតនោះទេ គឺអ្នកដឹកនាំគណបក្សនេះ គេរើសបន្តហើយ។

ក្នុងករណីខាងក្រោយនេះ សម្តេចថា ឯកឧត្តមហ៊ុន ម៉ាណែតអាចនឹងមិនទាន់ដល់ពេលនោះ ឡើយដោយសារថា ក្រុមមេដឹកនាំគណបក្ស នាពេលបច្ចុប្បន្ននេះសុទ្ធតែមានវ័យចំណាស់ ហើយមានអ្នកខ្លះថែមទាំងធ្លាប់ពឯកឧត្តម ហ៊ុនម៉ាណែតនៅពេលដែលអស់លោកទាំងអស់នោះធ្វើការងារនៅក្នុងគណបក្ស ដូច្នេះហ៊ុន ម៉ាណែតមិនអាចធ្វើប្រធានរបស់ក្រុមអ្នកដឹកនាំទាំងនោះបានឡើយ។

សម្តេចបញ្ជាក់ដែរថា ក្រៅពីកូនប្រុសច្បងរបស់សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែត នៅក្នុងជួរគណបក្សប្រជាជន បេក្ខភាពនាយករដ្ឋមន្រ្តី នាពេលខាងមុខ មាន៤រូប។យ៉ាងណាក៏ដោយ   សម្តេចមិនបានបញ្ជាក់ថា ៣រូបទៀតជានរណានោះឡើយដោយសម្តេចគ្រាន់តែបញ្ជាក់ថា បេក្ខភាពមួយរូបទៀតក៏មានវ័យក្មេងដូចជាកូនប្រុសច្បងរបស់សម្តេចដែរ។

កាលពីសប្តាហ៍កន្លងទៅសម្តេចតេជោធ្លាប់បានបង្ហើបថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុនាពេលបច្ចុប្បន្ននេះគឺឯកឧត្តមអូន ព័ន្ធមុនីរ័ត្នគឺជាស្ថិតក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ។

នៅថ្ងៃនេះដែរសម្តេចបានលើកឡើងថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា បើសិនជាមាន នរណាចង់ប្រណាំងប្រជែងជាមួយឯកឧត្តមហ៊ុន ម៉ាណែតនោះសូមឲ្យដាក់បេក្ខភាពរបស់ខ្លួន៕

Share.