ដូច​មហាជន​បានដឹងហើយថា កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១នេះ បវរកញ្ញា ភុំ សោ​ភ័​ណ្ឌ ជា Miss World Cambodia 2020 ចាក​ចេញពី​ព្រលាន​យន្ដ​អន្ដរជាតិ​ភ្នំពេញ ហោះ​ឆ្ពោះទៅ​ ចូលរួម​ប្រកួត​កម្មវិធី Miss World 2021លើក​ទី៧០ ដែល​រៀបចំ​ធ្វើឡើង​នៅ ​ប្រទេស ព័រ​តូ​រី​កូ ។ ការប្រកួត​លំដាប់​ពិភពលោក​មួយ​នេះ នឹង​ប្រព្រឹត្តទៅ​ នៅ​ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅ ក្នុង​ទីក្រុង San Juan ប្រទេស​ព័រ​តូ​រី​កូ ដែលមាន​បេក្ខភាព​បវរកញ្ញា​មាន​សម្រស់​ស្រស់ស្អាត​មកពី​បណ្ដា​ប្រទេស​ទាំង ៨៣ ប្រទេស។

យ៉ាងណាមិញ គេ​បានឃើញ​បវរកញ្ញា​រូបនេះ បាន​នាំ​ឈុត​តំណាង​ជាតិ​កម្ពុជា​ឈ្មោះថា «យក្ស​រាមសូរ» យកទៅ​ប្រកួត​នៅលើ​វរ​ទិ​កា​ប្រកួត​លំដាប់​អន្ដរជាតិ Miss World Cambodia 2021។ គេ​ចាំបាន​ថា ឈុត​តំណាង​ជាតិ «យក្ស​រាមសូរ»  នេះ ធ្លាប់បាន​លើកឡើង​ក្នុងការ​ប្រកួត  Miss Cambodia ម្ដង​ដែរ​ហើយ ដែល​ឈុត​នេះ​មាន​អត្ថន័យ និង​ដកស្រង់​ចេញពី​របាំ​ព្រះរាជ​ទ្រព្យ​ជាតិខ្មែរ គឺ​របាំ “មណី​មេខលា និង​រាមសូរ។  “មណី” ( ម​ណិ ) សំដៅលើ​ដួង​កែវ​វិសេស “មេខលា” ជា​នាម​ទេព្ដា​រក្សា​សមុទ្ទ ច្រើន​និទាន​ក្នុង​ជាតក​នោះ។ រីឯ​ពាក្យ “រាមសូរ” ជា​នាម​តួអង្គ “អសុរ”ឬ( យក្ខ ) មួយ​នៅក្នុង​របាំ​មួយ​នេះ។ អាវុធ​នៃ​តួអង្គ​នេះ​គឺ “ពូថៅ។ ពាក្យ “រាមសូរ” កើត​ផ្សំ​អំពី​ពាក្យ “រាម” + “អសុរ” បានជា “រាមសូរ។ ឈុត​នេះ​ត្រូវបាន​លាយ​បញ្ចូល​គ្នា​តាមបែប​សម័យ​បូករួម​ទៅនឹង​កា​ច្នៃប្រឌិត​យ៉ាង​ល្អ​ក្នុង​គោលបំណង​លើកស្ទួយ​ស្នាដៃ​នៃ​អក្សរសិល្ប៍​ប្រជាប្រិយ​ខ្មែរ។

តាម​ការ​បង្ហោះ​របស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Miss World Cambodia បានឱ្យដឹងថា ឈុត​នេះ​បាន​រចនា​ឡើង​ម៉ូដ​ឡើង​ដោយ លោក សួន តា​មីង ដែល​បានទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​ឈុត​តំណាង​ជាតិ​ក្នុង​កម្មវិធី​ប្រកួត Miss Cambodia 2020។ ហើយ​សម្រាប់​ឆ្នាំនេះ កម្មវិធី​ប្រកួត Miss World 2021 មិនមាន​ការប្រកួត ឬ​ការផ្តល់​ពានរង្វាន់​ចំពោះ​ឈុត​តំណាង​ជាតិ​ដែល​ស្អាត​ជាងគេ​នោះទេ ។

គួរបញ្ជាក់​ផងដែរ​ថា  បវរកញ្ញា ភុំ សោ​ភ័​ណ្ឌ គឺជា​បេក្ខភាព​បវរកញ្ញា​ទី២ តំ​ណា​ឱ្យ​កម្ពុជា​ទៅ​ប្រកួត​នៅលើ​វេទិកា Miss World បន្ទាប់ពី​បវរកញ្ញា វី ស្រី​វីន Miss World Cambodia 2019។ កញ្ញា ភុំ សោ​ភ័​ណ្ឌ នាង​មាន​អាយុ ១៩ ឆ្នាំ មាន​កម្ពស់ ១.៧០ម៉ែត្រ ហើយ​កញ្ញា​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ផ្នែក​រដ្ឋបាល​សាធារណៈ។ កញ្ញា​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​ដូចជា ច្រៀង និង​លេង​ឧបករណ៍​តន្ត្រី​ជាដើម៕

Telegram-Troryorng
Share.