នៅ សល់​ត្រឹម​តែ ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​នៅ​ ថ្ងៃ​ចន្ទ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មវិធី​ Miss Universe 2021 នឹង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ស្វែង​រក​ម្ចាស់​មកុដ​និង​ម្ចាស់​​តំណែង​បវរកញ្ញា​ចក្រវាឡ​អន្តរជាតិ​​លើក​ទី៧០​ របស់​ពិភពលោក ​ហើយ​។ ជាមួយ​នឹង​ការ​ទន្ទឹង​រង់ចាំ​ពី​សំណាក់​ហ្វេន​ថា​តើ​បេក្ខនារី​បវរកញ្ញា​ប្រទេស​ណា​ នឹង​ក្លាយ​ជា​ម្ចាស់​តំណែង​កម្រិត​អន្តរជាតិ​នេះ​ អ្នក​គាំទ្រ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ​ចំពោះ​គណៈ​កម្មការ​កាត់​សេចក្ដី​​ ព្រោះ​ឆ្នាំ​នេះ​មាន​រាជិនី​កំពូល​សម្រស់​ដែល​ជា​កំពូល​តារា​២​ដួង​ប្រចាំ​ប្រទេស​ឥណ្ឌា​ និង​ហ្វីលីពីន​ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ក្លាយ​ជា​​គណៈ​កម្មាការកាត់​សេចក្ដី​ក្នុង​កម្មវិធី​នេះ​។

យោង​តាម​ការ​ប្រកាស​នៅ​ លើ​ប្រព័ន្ធផ្សព្វផ្សាយ​ និង​សារព័ត៌មាន​នានា​ បាន​ឱ្យ​ដឹងថា​ រាជិនី​សម្រស់​ Marian Rivera កំពូល​តារា​សម្ដែងប្រចាំ​ប្រទេស​ហ្វីលីពីន​ ឬ​ដែល​ប្រជាជន​កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់គឺ​ នាង​ម៉ារីម៉ា ត្រូវ​បាន​អង្គភាព​រៀបចំ​កម្មវិធី​មួយ​នេះ​​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​គណៈ​កម្មការ​ម្នាក់​នៅ​ ក្នុង​កម្មវិធី​ប្រកួត​នា​ប្រទេស​អ៊ីស្រាអែល​លើក​នេះ​។

ក្រៅ​ ពី​តារា​សម្ដែង​របស់​ហ្វីលីពីនខាង​លើ​​ហើយ​នោះ​ រាជិនី​កំពូល​សម្រស់​របស់​ឥណ្ឌា ដែល​ជា​អតីត​បវរកញ្ញា​ចក្រវាឡ​ឥណ្ឌាប្រចាំ​ឆ្នាំ​២០១៥ និង​ជា​តារា​សម្ដែង-តារា​បង្ហាញ​ម៉ូដ​​ដ៏​ល្បី​របស់​បូលីវូដ​ កញ្ញា Urvashi Rautela (អ៊ុវ៉ាស៊ី រ៉ៅ ថេឡា) ក៏​នឹង​ក្លាយ​ជា​គណៈ​មេប្រយោគ​មួយ​រូប​ទៀត​ដែរ​នៅ​ ក្នុង​កម្មវិធី​កម្រិត​ពិភពលោក​ខាង​លើ​នេះ​។

​គួរ​ដឹងថា​នៅ រាជិនី​កំពូល​សម្រស់​ទាំង​ពីរ​ដួង​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២១ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​គណៈ​កម្មការ​នៅ​ ​ក្នុង​ការប្រកួត​ Miss Universe 2021 លើក​ទី​៧០​ នា​ទីក្រុង​ Eilat (អ៊ីឡាត) ប្រទេសអ៊ីស្រាអែល នេះ​បើ​យោង​តាម​ការ​ចែក​រំលែក​ពី​ផេក​ Sash Factor (សាហ្វិចទ័រ) ។

សូម​ជំរាប​ជូន​ថា បវរកញ្ញា​​ប្រទេស​មិចស៊ិក កញ្ញា​ Andrea Meza (អែនឌ្រា មេតសា) គឺជា​ម្ចាស់​ជ័យលាភី​ចំណាត់​ថ្នាក់​​លេខ​១​ បវរកញ្ញា​ចក្រវាឡ​​អន្តរជាតិ​លើក​ទី​៦៩​ ដែល​បាន​រៀបចំ​ឡើង​​កាល​ពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ នាទីក្រុង​ហូលីវូដ​ រដ្ឋ​ហ្ល័ររីដា សហរដ្ឋអាមេរិក​៕

ប្រភព៖ news18

Telegram-Troryorng

Share.