បាត់ដំបង៖ ទីបំផុត បុរសដែលស្រវឹងស្រាហើយបាញ់ឡើងលើជាង ២០គ្រាប់បង្កការភ្ញាក់ផ្អើលពលរដ្ឋក្នុងស្រុកសំឡូត រួចគេចចូលព្រៃលាក់ខ្លួន ពេលនេះចូលខ្លួនសារភាពទទួលកំហុសចំពោះមុខច្បាប់។

នគរបាលមូលដ្ឋានស្រុកសំឡូត បានបង្ហើបឲ្យដឹងថា មុខសញ្ញាដែលលាក់ទុកអាវុធនៅ ក្នុងផ្ទះរយ:ពេលយូរ ហើយបានយកមកបាញ់បោះសេរីឡើងលើចំនួន ២១គ្រាប់ ក្នុងគ្រាមានទំនាស់នៅ មុខផ្ទះកន្លែងផឹកស៊ី រួចបានរត់គេចខ្លួនចូលទៅ ក្នុងព្រៃបាត់ នៅ ពេលនេះបានសម្រេចចិត្តចេញមកសារភាពទទួលទោសតាមផ្លូវច្បាប់។

ការប្រគល់ខ្លួននេះនៅ ចំណុចអធិការដ្ឋាននគបាលស្រុកសំឡូតអំឡុងវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១។

បុរសខ្មាន់កាំភ្លើងមាន​ឈ្មោះ​​សុខ គង់ អាយុ ៥៤ឆ្នាំ រស់នៅ ភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែធ្នូ កន្លងទៅដោយសារឋិតក្នុងសភាពស្រវឹងជោគជំបាត់បង់ការគ្រប់គ្រងក៏បានទាញកាំភ្លើងប្រភេទ AK ៥៩ បាញ់ជាង ២០គ្រាប់ឡើងលើហើយក៏ភ័យខ្លួនបានគេចទៅសម្ងំនៅក្នុងព្រៃក្បែរភូមិកន្លែងកើតហេតុខាងលើតែម្តង។

សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា សំណុំរឿងប្រើប្រាស់អាវុធខុសច្បាប់ក្នុងមូលដ្ឋាននេះកម្លាំងផ្នែកជំនាញគ្រោងនឹងបញ្ជួនបង្ក រួមទាំងវត្ថុទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.