ព្រះ រស់ គឺជា ឈ្មោះឪពុកម្ដាយ ដែល មនុស្ស ទូទៅ បានដឹង បានឮ តាមរយៈ បទ ចម្រៀង គម្ពី ឯកសារ និង ធម្មទេសនា របស់ព្រះសង្ឃ ជាដើម។ ក្នុងទ្រឹស្ដី ព្រះពុទ្ធសាសនា តែងតែ ប្រៀនប្រដៅ ដាស់សតិជារឿយៗ ឲ្យ កូនប្រុស ស្រី ទាំងឡាយ ស្គាល់គុណស្គាល់ទោស និងតបស្នងសងគុណ លោក ទាំងទ្វេ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានចំពោះ ការលះបង់ របស់លោក ក្នុងការផ្ដល់កំណើត ការចិញ្ចឹម បីបាច់ ថែរក្សា តាំងពី តូចក្រូចឆ្មា មក នោះ។ តែអ្វីដែលសំខាន់ជាងការចង់បានការធ្វើតបពីកូនៗនោះ គឺឪពុកម្ដាយតែងបន់ស្រន់បួងសួងប្រាថ្នាឱ្យកូនទទួលបាននូវសេចក្ដីសុខ៥យ៉ាង។

សេចក្ដីសុខ ទី១ គឺ ចង់ឃើញ កូនប្រុស ស្រី របស់លោក មាន សុខភាព ល្អ! អារម្មណ៍ របស់លោក ឪពុក អ្នក ម្ដាយ គឺ នៅជាប់ ជាមួយកូនៗជានិច្ច នៅ ពេលឮ ឬ ដឹងថាកូនៗរបស់លោក មាន ជំងឺដង្កាត់។ ក្នុង ចិត្ត របស់លោក គឺមាន ការព្រួយបារម្ភ ខ្លាំង ជាង នៅពេល ខ្លួន របស់លោក ឈឺ ទៅទៀត។
សេចក្ដីសុខ ទី២ គឺ ចង់ឃើញកូនៗចេះ ស្រឡាញ់ បងប្អូន និង រស់នៅ យ៉ាង សុខសាន្ត ជាមួយ បងប្អូន! គ្មាន ឪពុកម្ដាយ ឯណា ចង់ឃើញកូនៗទាំងឡាយ របស់លោក ឈ្លោះប្រកែក ទាស់ទែង គ្នា នោះទេ ព្រោះ សេចក្ដីស្រឡាញ់ របស់លោក ចំពោះកូនៗមានស្មើៗគ្នា គ្មាន អ្នកណា លើស អ្នកណា នោះឡើយ។
សេចក្ដីសុខ ទី៣ គឺ ចង់ឃើញកូនៗទាំងឡាយ របស់លោក រៀ ន សូត្រ បាន ខ្ពង់ខ្ពស់ មានចំណេះដឹង ជ្រៅជ្រះ! ពេលឃើញកូនៗមានចំណេះដឹងសួរថា ឪពុកម្ដាយ ឯណា ដែល មិន សប្បាយចិត្ត មិន រីករាយ មិនមាន មោទកភាព ចំពោះ ការតស៊ូ និង ការខិតខំ ប្រឹងប្រែង រប ស់ កូន។
សេចក្ដីសុខ ទី៤ គឺ ចង់ឃើញកូនៗមានការងារ ល្អ មានតួនាទី ល្អឋានៈខ្ពង់ខ្ពស់ នៅក្នុង សង្គម មានកិត្តិយស សេចក្ដីថ្លៃថ្នូរចំពោះកូនៗខ្លួនឯងគ្រួសារ និង សង្គមជាតិ។
សេចក្ដីសុខ ទី៥ គឺ ចង់ឃើញកូនៗមាន ទំនាក់ទំនង ល្អ ជាមួយ មនុស្ស នៅក្នុង សង្គម មានកេរ្តិ៍ឈ្មោះ ល្អ មិន បង្ករឲ្យមានបញ្ហា ដល់ សង្គមដែលនាំឲ្យលំបាកដល់លោក ដល់ ចិត្ត របស់លោក។
ទាំង៥ នេះជាសេចក្ដីប្រាថ្នារបស់ឪពុកម្ដាយឱ្យកូនមាន។ ត្រឡប់មកវិញ នៅពេលដែលកូនមានទាំង៥នេះ ក៏ជាសេចក្ដីសុខរបស់ឪពុកម្ដាយវិញដែរ។ បើកូនអាចបំពេញបានដូច្នេះ ឈ្មោះថាកត្តញ្ញូចំពោះអ្នកមានគុណហើយ។ អ៊ីចឹងទេគប្បីបំពេញសេចក្ដីសុខនេះជូនអ្នកមានគុណយើង។

សរុបសេចក្ដីទៅ សេចក្ដីសុខ ពិត របស់ ឪពុកម្ដាយ ពេលខ្លះ មិនអាច កើតមានឡើង ដោយ គ្រាន់តែកូនៗយកលុយ យក ទ្រព្យសម្បត្តិ ឬ បង្ហាញ សកម្មភាព ចំពោះមុខ លោក ធ្វើ ដូច គោរព ស្រឡាញ់ ចំពោះ លោក នោះទេ។ ប៉ុន្តែ សេចក្ដីសុខ របស់លោក គឺ ផ្ដើមចេញពី ទង្វើរ ចេញពី បេះដូង របស់កូនៗ ដែល ព្យាយាម ធ្វើខ្លួនឲ្យក្លាយជា មនុស្ស ល្អ មនុស្ស មានតម្លៃ មាន កិត្តិយស ជូន ដល់ គ្រួសារ និង សង្គមជាតិ។ មាតាបិតា មួយចំនួនធំ មិនដែល មានបំណង ចង់បាន អ្វី ពីកូនៗវិញ នោះទេ គឺ សុំ ត្រឹមតែ ឃើញកូនៗរបស់លោក មាន សេចក្ដីសុខ មានចំណេះដឹង មាន ការងារ សមរម្យ ចេះ ស្រឡាញ់ បងប្អូន មាន ទំនាក់ទំនង ល្អ ចំពោះ មនុស្ស ទូទៅ នេះហើយ ជា សេចក្ដីសុខ ពិតរបស់លោក៕
ព្រះភិក្ខុ សុង ភត្រា
សមាជិកក្រុមការងារសិក្ខាសាលា និងអប់រំសីលធម៌៣ខេត្ត