
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កំពុងជំរុញលើផែនការធំៗចម្បងៗចំនួនពីរ គឺការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម អត្តពលិកជម្រើសជាតិ និងការហេដ្ឋារចនាសម្ព័ន្ធកីឡា បម្រើដល់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថា ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ គិតដល់ពេលនេះសម្រេចបាន៩៥%ហើយ។ «សម្រាប់ផែនការយុទ្ធសាស្ត្រឆ្ពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវបានចែកចេញជា២ផ្នែកធំៗ គឺទី១ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដោយដំណើរការសាងសង់កីឡដ្ឋានធំកំពុងដំណើរការដោយរលូន និងមិនមានឧបស័គ្គអ្វីកើតឡើងនោះទេ និងទី២ គឺការផ្តោតសំខាន់លើការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស បង្កើនគុណភាព សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ តាមរយៈកម្មវិធីប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស»។
ឯកឧត្តមបន្ថែមថានៅក្នុងឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់កញ្ចប់ថវិកាពិសេសសម្រាប់ឲ្យ CAMSOC ទទួលបាននូវការអនុវត្តបន្តនូវផែនការសកម្មភាពរបស់ខ្លួន ក្នុងការជំរុញសន្ទុះឲ្យកាន់តែលឿនបន្ថែមទៀត។ចំពោះការសាងសង់កីឡដ្ឋានធំត្រូវបានពន្លឿនឲ្យបានឆាប់រហ័ស ដោយគិតមកដល់ពេលនេះ បានបំពាក់កៅអីអង្គុយនៅសល់តែប៉ុន្មានរយកៅអីទៀតប៉ុណ្ណោះ។

ចំណែកភូមិកីឡាក៏កំពុងដំណើរការសាងសង់ដែរ ក្រោមគម្រោងពីក្រុមហ៊ុនសាងសង់ ដើម្បីទទួលការស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីជាង៧០០០នាក់ បូករួមទាំងប្រតិភូ ភ្ញៀវពិសេសសរុបប្រមាណ១ម៉ឺននាក់ ដែលភូមិកីឡានេះនឹងអាចរួចរាល់នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទាន់ពេលវេលាផងដែរ។
អ្វីដែលជាបញ្ហាចម្បងគឺការបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិតែប៉ុណ្ណោះ ដែល CAMSOC កំពុងជំរុញលើការកសាងសមត្ថភាពក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២១នេះតទៅ ក្នុងនោះការបញ្ជូនអត្តពលិកជាង១០០នាក់ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន (នាខែសីហា ឆ្នាំ២០២១)។ ក្រៅពីនោះកម្ពុជាគ្រោងនឹងបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ៕
ប្រភព&រូប៖Cambodia SEA GAMES 2023
