តារា​កំប្លែង​វ័យ​ចំណាស់​ លោកតា​ចេក អតីត​កូន​​ក្រុម​កំប្លែង​​នាយ​កុយ​ បាន​បាត់​វត្តមាន​ពី​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​កំប្លែង​ផ្សេងៗ​មួយ​រយៈ​ធំ​ហើយ​ ដោយ​លោក​បាន​រសាត់​អណ្ដែត​ទៅ ជួល​តូប​​ប្រកប​​មុខរបរ​លក់ផ្លែឈើ និងគ្រឿងភេសជ្ជៈបន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិត នៅ តាម​ផ្លូវ​ឡើង​រមណីយដ្ឋាន​ភ្នំ​គិរីរម្យ ប៉ុន្តែ​ការ​លក់ដូរ​នោះ​មិន​កាក់កបនោះ​ឡើយ​ ដូច្នេះ​ទើប​​សម្រេច​ចិត្តទៅ​ ជួល​តូប​លក់​បន្លែ​​ឱ្យ​ភរិយានៅ ​ផ្សារ​ត្រែងត្រយឹង​វិញ​ នេះបើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​ប្រាប់​មក​កាន់​អ្នក​សារព័ត៌មាន​ត្រយង។

យ៉ាង​ណា​មិញ​បើ​ងាក​មក​និយាយ​ពី​​អាជីព​ជា​អ្នក​កំប្លែងរបស់​លោកតា​ចេកវិញ​ លោក​​បាន​ឱ្យ​ដឹង​ថា​លោក​ក៏​មិនដឹង​ច្បាស់​ពី​មូលហេតុ​ដែល​​បណ្ដាល​ឱ្យ​លោក​ស្រាប់​តែ​លែង​ត្រូវ​បាន​គេ​ហៅ​ ទៅ ចូលរួម​​លេង​កំប្លែងក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​​ដែរ។

លោក​តា​ចេក​បាន​ពោលឱ្យ​ដឹង​ទៀត​ថា​ពេល​នេះ​លោក​​លេង​ឱ្យ​ក្រុម​ល្ខោន​ភី សុគន្ធី ខេត្តតាកែវ​ ប៉ុន្តែ​សម្រាប់​ការងារ​សិល្បៈ​ផ្សេងៗ​ទៀត​នោះ​នៅ​ មិន​ទាន់​មាន​សញ្ញាណ​ល្អ​នៅ​ ឡើយ​ទេ​ ដោយ​លោក​តា​បាន​បន្ត​ឱ្យ​ដឹង​ថា​ពេល​នេះ​សុខ​ភាព​លោក​រឹងមាំ​វិញហើយ​ទោះ​ជា​មាន​វ័យ​៦៧​ឆ្នាំ​ក្ដី​ ជាពិសេស​លោក​បាន​សង្កត់​ធ្ងន់​ថា​ជីវិត​របស់​លោក​កើត​មក​គឺ​ដើម្បិ​សិល្បៈ​ ដូច្នេះ​លោក​សង្ឃឹមថា​លោក​នឹង​ដើរ​លើ​វិថី​នេះរហូត​លុះ​ត្រា​តែ​លោក​ទៅ​ លែង​រួច​។ តារា​កំប្លែង​រូប​នេះ​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​លោក​បាន​ចូលលេង​កំប្លែង​ឡើង​វិញ និង​ប្រកាស​ទទួល​សម្ដែង​គ្រប់​ការងារ​ទាំង​អស់​ឱ្យ​តែ​ផលិតករ ម្ចាស់​ផលិតកម្ម​ ឬ ម្ចាស់​ផលិតផល​នានា​ត្រូវ​ការ​រូប​លោក​ទៅ​ ថត និង​សម្ដែង​ជូន​។

ជា​ចុងក្រោយ​លោក​តាចេក​បាន​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ ចំពោះ​សប្បុរសជន​ដែល​បាន​ជួយដល់​​លោក​​ទាំង​អស់​ក្នុ​ង​កំឡុង​ពេល​ដែល​ជីវភាព​លោក​​ជួប​ប្រទះ​ការ​លំបាក​ទោះ​ជា​តិច​ឬ​ច្រើន​ក្ដី​លោក​មាន​ក្ដី​រំភើប​​ជា​ទី​បំផុត​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ៖

Telegram-Troryorng
Share.