ព្រឹត្តិការណ៍​ច្នៃ​ម៉ូដ​ដ៏​កក្រើក​ប្រចាំឆ្នាំ២០២១ ដែល​រៀបចំ​ដោយ​ក្រុម ឡា​ឈូក ត្រូវ​បានឱ្យ​ឈ្មោះថា «យាត្រា០២» បាន​គៀងគរ​តារាល្បីៗជាច្រើន​ដួង​រួមមាន កញ្ញា រឿន ណាត កញ្ញា សំណាង អេ​លី​ណា កញ្ញា រ៉េត សារី​តា តារាចម្រៀង​ស្រី ឈិ​ត ក​ញ្ចា​នា ក្រុម​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ និង​តារា​បង្ហាញ​ម៉ូដ​ជាច្រើន​នាក់ទៀត ចូលរួម​បង្ក​បរិយាកាស​ឱ្យ​កក្រើក​និង​អ​ធឹ​ក​អធម​បំផុត។

កម្មវិធី«យាត្រា០២» ជា​ព្រឹត្តិ​ការបង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ ដែល​បាន​នាំយក​ឈុត​សម្លៀកបំពាក់​កែច្នៃ​ចេញពី​ប្លា​ស្ទិ​ក​ចំនួន ៤៦ឈុត បែង​ចែកជា៤ក្រុម​មក​ដើរ​បង្ហាញជូន​សារ​ធារ​ណ​ជន​ទស្សនា។ យ៉ាងណាមិញ លោក អ៊ិត សុ​វណ្ណា​រាជ ស្ថាបនិក​ក្រុមឡា​ឈូក ឬ La CHHOUK Recycled and Creative Fashion បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា ស្នាដៃ​ដែលមាន​ជា​សមិទ្ធផល​ដែល​បានបង្ហាញ​នា​ពេញ​នេះ មិនមែនជា​របស់លោក​ម្នាក់ឯង​ទេ តែ​ជា​របស់​ក្រុមការងារ ឈូក​ឈូក ទាំងមូល ដែល​សុទ្ធសឹង​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​វ័យក្មេង​ទាំងអស់ ហើយម្នាក់ៗបាន​ខិតខំ​សម្រិតសម្រាំង​លើ​ធ្វើការ​ងារ​នេះ​ខ្លាំង​មែនទែន។

លោក អ៊ិត សុ​វណ្ណា​រាជ ស្ថាបនិក​ក្រុមឡា​ឈូក

លោក​បន្ដថា លោក​ពិតជា​អរគុណ​ដល់ដៃ​គូរ​សហ​ការ​គ្រប់ផ្នែក​ដែល​បាន​ជំ​រុញឱ្យ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ «យាត្រា០២» ជោគជ័យ​មាន​រូបរាង​តាំងពី​ដំបូង​រហូតដល់​ពេលនេះ។ ហើយក៏​សូម​អរគុណ​ដល់​អ្នកចូលរួម​ទាំង​គ្នា​ដែល​បាន​ចូល​ទស្សនា​ការដើរ​ម៉ូដ «យាត្រា០២» នៅ​យប់​នេះ។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រឡប់មក​ជួបគ្នា​វិញ​នៅ ​ឆ្នាំក្រោយ។

សូមជម្រាបថា កម្មវិធី​ទាំងមូល​ត្រូវបាន​ចែកចេញជា៤វគ្គធំៗ រួមមាន៖

ឈុត​ទី១ មាន​ឈ្មោះថា «បំពង់»។ ឈុត​នេះ​រចនា​ឡើង​ដោយ​យក​លំនាំ​តាម អាវ​បំពង់ ក្នុងសម័យ​លង្វែក​ដែលជា​សម័យ​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ចាប់ពី​ឆ្នាំ ១៥២៩ ដល់១៦២០ នៃ គ.ស។ រចនាបថសំខាន់ៗជាច្រើន​ទៀត​ពី​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​ដូចជា ពុម្ព​ក្រឡា ក៏ត្រូវ​បានរួម​បញ្ចូល​ក្នុង​ក្រុម​សម្លៀកបំពាក់​នេះ​ដូចគ្នា​ដែរ។ «ឡា​ឈូក» បាន​ប្រើប្រាស់​ពណ៌​នី​អុង (Neon) ដែល​បង្ហាញ​ពី​ភាពក្លាហាន ស្វាហាប់ និង​ឆើតឆាយ​ដើម្បី​ធ្វើឱ្យ​សម្លៀកបំពាក់​មាន​ភាពរ​ស់រ​វើក​ខុសប្លែក​ពី​គេ និង​មិន​ស្ថិតនៅក្នុង​ទម្រង់​ដើម​ពេក។

ឈុត​ទី២ មាន​ឈ្មោះថា «ឌី សៀក»។ ឈុត​នេះ​រចនា​ផ្អែកលើ​ត្លុក ការសម្តែង​សៀក និង​និន្នាការ​ម៉ូត​បរទេស Memphis Style។ ដោយ​ចង់​បង្កើតឱ្យមាន​ការចាប់អារម្មណ៍ និង​ផ្តល់​តម្លៃ​ទៅលើ​សិល្បៈ​ប្រភេទ​នេះ​ទើប​គោល​គំនិត​នៃ​ការច្នៃ​ម៉ូត​ត្រូវបាន​ដកស្រង់​ចេញពី​ការសម្តែង​សៀក រួមបញ្ចូល​នឹង​ការប្រើប្រាស់​ពណ៌​ឆើតឆាយ​ដូចជា ពណ៌​ក្រហម និង​ពណ៌​លឿង។ ការប្រើប្រាស់​ត្លុក​ក្នុង​ក្រុម​សម្លៀកបំពាក់​នេះ គឺ​ចង់បង្ហាញ​ពី​ភាពសប្បាយ កំប្លុកកំប្លែង និ​ងា​ការតុបតែង​ខ្លួន​បែប​បំផ្លើស​ជាដើម។

ឈុត​ទី៣មាន​ឈ្មោះថា «ជំនឿ និង​ការសម្លាប់»។ ឈុត​នេះ​ត្រូវ​រចនា​ផ្អែកលើ​ជំនឿ និង​ការសម្លាប់ ដោយហេតុ​មើលឃើញ​ពី​ភាព​ដ៏​សម្បូរបែប​នៃ​គំនិត​នេះ​នៅក្នុង​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​ដែលមាន​អាទិ​មាន​តាម​រឿងតំណាល​ជាច្រើនផ្សេងៗគ្នា។ សម្លៀកបំពាក់​នេះ​ត្រូវបាន​សម្គាល់​តាមរយៈ​ភាពមិនប្រក្រតី​ដូចជា​ទម្រង់ និង​ការប្រើប្រាស់​ពណ៌​ជាដើម។ ជាក់ស្តែង ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ស ត្រូវបាន​ប្រើប្រាស់​យ៉ាង​ពេញលេញ​ក្នុងការ​ច្នៃ​ម៉ូត។ ពណ៌​ក្រហម សំដៅលើ​លោហិត ឈាម ពណ៌​ខ្មៅ តំណាងឱ្យ​ភាព​វិលវល់ ភាពចំណាស់ និង​ផ្លូវ​ងងឹត ចំណែក​ពណ៌​ស តំណាងឱ្យ​ការស្លាប់។

ឈុត​ទី៤ មាន​ឈ្មោះថា « ฺBurslegue»។ ឈុត​នេះ​រចនា​ឡើយ​ដោយ​យក​លំនាំ​ពី​សិល្បៈ​មួយ​ប្រភេទ​ឈ្មោះថា Burlesque ដែលមាន​ដើមកំណើត​ពី​ប្រទេស​បារាំង។ ជានិច្ចកាល ឈុត​សម្លៀកបំពាក់​នេះ​ត្រូវបាន​យកទៅ​សម្តែង​ក្នុងការ​សម្តែង​សៀក និង​ត្លុក​ជាដើម។ គោល​គំនិត​ចំបង​របស់​ក្រុម​ស្រ​លៀក​បំពាក់​នេះ​ចង់​បង្ហា​ង​ញ​ពី​ភាព​ស៊ី​វិ​ល័យ ឡូយឆាយ ជាពិសេស​សេរីភាព​ក្នុ​ត​ការ​ស្លៀកពាក់ ក៏ដូចជា​ការរស់នៅ​ប្រចាំថ្ងៃ​ដោយ​ភាពក្លាហាន​ពោរពេញ​ដោយ​ភាពជឿជាក់ និង​ភាពជា​ច្ចាស់​ការ​នៃ​ជីវិត​របស់ខ្លួន​ផ្ទាល់។

សូមជម្រាបថា មហាជនគ្រប់គ្នាដែលបានចូលរួមបានពោលសរសើរពីស្នាដៃកូនខ្មែរ ព្រមជាមួយស្នូរ​ទះ​ដៃ​កងរំពង​បានកើត​ឡើងជា​អន្លើ​តាម​ចង្វាក់ភ្លេង ​ញ៉ាំងឱ្យ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​កែច្នៃ​ដ៏​ធំ​ប្រចាំឆ្នាំ២០២១នេះ កាន់តែ​អធិកអធម​ខ្លាំង​ឡើង៕

Telegram-Troryorng
Share.