កម្ពុជា​គឺ​ជាទឹកដី​សុវណ្ណ​ភូមិ​ដែលមាន​ដើមកំណើត​យូរលង់​ណាស់​មកហើយ ហើយ​ទឹកដី​អ​ច្ឆ​រិ​យមួយ​នេះ​សម្បូរ​ទៅ ដោយ​មរតក​ធម្មជាតិ និង​មរតក​វប្បធម៌​ជាច្រើន​ឥត​គណនាទាំង​មរតក​វប្បធម៌​រូបី និង​មរតក​វប្បធម៌​អ​រូបិយ។

កូន​ខ្មែរ​គ្រប់រូប ពិត​ជាមាន​មោទកភាព​ណាស់ ដែល​មរតក​បុព្វបុរស​ខ្មែរ​ជាច្រើន​បាន​បន្សល់ទុក​មក​ទាំង​អស់ ដែល​នោះ​សុទ្ធតែ​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​ដ៏​មានតម្លៃ​មហាសាល​ចំពោះ​កូន​ខ្មែរ​យើង។ ដើម្បី​រួមចំណែក​ថែទាំ​កេ​រ្តិ៍តំណែល​ដូនតា​ទាំងអស់នេះ មាន​មរតក​មួយចំនួន​ត្រូវបាន​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ យកចិត្តទុកដាក់​ក្នុងការ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដើម្បី​ការពារ និង​អភិរក្ស​ទុកជា​សម្បត្តិ​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃបាន ​ជូន​ដល់​កូនចៅ ​ជំនាន់​ក្រោយ​នៃ​ប្រជាជាតិ​កម្ពុជា។

នៅ ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១នេះ កូន​ខ្មែរ​គ្រប់រូប ចូលរួម​អបអរសាទរ​នៃ​ការចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ខួប​លើក២៩ឆ្នាំ  នៅ ក្នុង​កិច្ចប្រជុំ​គណ:កម្ម​ការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី១៦ នៅ ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ យ៉ាងណាមិញ ប្រទេសកម្ពុជាក៏បាន​ត្រៀម​ចុះ​តំបន់​ប្រាសាទ កោះ​កេរ ទៅ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នាពេល​មុខ​នេះ​ផងដែរ៕

Telegram-Troryorng
Share.