កញ្ញា ពេជ្រ ចរណៃ ជាតារាស្រីសម្ដែងដែលមហាជនកត់សម្គាល់ឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ជាតារាស្រីនិយមបំផុសគំនិតដល់យុវជនឱ្យចូលរួមលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយ:សកម្មភាពជាច្រើនដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោ ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម។ នាពេលថ្មីៗនេះ អ្នកគាំទ្រកំពុងចាប់អារម្មណ៍ឃើញថា កញ្ញាបានការបំផុសស្នាដៃថតភាពយន្ដថ្មីរឿង «ល្បុក្កតោ» ។
ភាពយន្ដនេះត្រូវបានគេដឹងថា នៅមិនទាន់មានដើមទុនក្នុងការផលិតនៅឡើយទេ ដោយសារតែមានខ្ទង់ចំណាយច្រើន ហើយគ្រោងថតក៏ជារឿងភាគទៀត។ តែយ៉ាងណាមិញ តារាស្រីរូបនេះកំពុងតែព្យាយាមបំផុសឱ្យមានការគាំទ្រលើវិស័យគុនល្បុក្កតោ ដើម្បីស្វែងរកម្ចាស់ជំនួយធំ ក្នុងការសម្រេចឱ្យភាពយន្ដនេះលេចជារូបរាងពិតប្រាកដ។
ផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានត្រយងកញ្ញា ពេជ្រ ចរណៃ បានប្រាប់ថា កញ្ញាចំណាយពេលជាង ៣ឆ្នាំ ដើម្បីសរសេរសាច់រឿង «ល្បុក្កតោ» ដោយខ្លួនឯង ក្នុងគោលបំណងបង្ហាញទៅ កាន់មហាជនអ្នកគាំទ្រឱ្យស្គាល់គ្រប់ឈ្មោះ និងក្បាច់ស្នៀតរបស់គុនល្បុក្កតោខ្មែរយើង។ កញ្ញា ពេជ្រ ចរណៃ ថា ៖ « រឿងនេះគឺយើងបានថតត្រឹមតែ Demo ដែលជាវីដេអូ Trailer បង្ហាញសិនតែប៉ុណ្ណោះ ព្រោះដើម្បីស្វែងរកម្ចាស់ជំនួយពិត ហ៊ានផ្ដត់ផ្គង់ដល់ការផលិតជារឿងដុំទាំងមូលតែម្ដង។ ខ្ញុំសរសេររឿងនេះឡើង គឺដើម្បីចង់ឱ្យកូនខ្មែរងាកមកចាប់អារម្មណ៍ពីគុនបុរាណរបស់ខ្មែរ ដែលភាគច្រើនផលិតករនាពេលបច្ចុប្បន្ននៅមិនទាន់ផ្ដោតការផលិតលើភាពយន្ដប្រភេទនេះនៅ ឡើយ»។
កញ្ញាប្រាប់ទៀតថា បើនិយាយពីខ្ទង់ចំណាយឱ្យចំក្នុងការផលិតរឿងនេះ មិនតិចជាង ៩ ទៅ ១០ ម៉ឺនដុល្លារនោះទេ ដែលជាទំហំចំណាយច្រើនខ្លាំង។ កញ្ញាថា តាមរយៈការថតភាពយន្ដនេះ ក៏មានការភ្លាត់ស្នៀត ត្រូវរបួសតិចតួចដែរ។ កញ្ញាអះអាងទៀតថា « ក្បាច់គុនល្បុក្កតោ ជារបស់ខ្មែរ ដូចនេះ កុលបុត្រកុលធីតាខ្មែរគួរណាស់ នាំគ្នាចូលរួមថែរក្សាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោយើង ឱ្យរីកសុះសាយទូទាំងប្រទេស និងឈានទៅ ពង្រីកនៅ ក្រៅ ប្រទេស ។ យើងគួរបំផុសចលនាហាត់កីឡាគុនល្បុក្កតោឱ្យបានច្រើនជាងនេះ ដើម្បីឱ្យគុនល្បុក្កតោបានសាបព្រោះចូលទៅ គ្រប់ស្រទាប់មហាជនខ្មែរ បែបនេះនឹងធ្វើឱ្យមានគ្រឹះជាមូលដ្ឋានរឹងមាំក្នុងប្រទេស ក្នុងការអភិវឌ្ឍខ្លួនទៅអន្តរជាតិ »។
ដើម្បីឱ្យភាពយន្ដរឿង «ល្បុក្កតោ» សម្រិតសម្រាំងបានទាំងរូបភាព និងប្លង់ស្អាតលំដាប់ស្ដង់ដាអន្តរជាតិ កញ្ញា ពេជ្រ ចរណៃ បានចាប់ដៃគូជាមួយអ្នកដឹកនាំរឿង គឺលោក ធីម ប៉ិក ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យភាពយន្ដ។ លោក ធីម ប៉ិក គឺជាផលិតករ និងជាDirector online មានឈ្មោះល្បីលើស្នាដៃច្រើន ហើយលោកគឺជាកូនខ្មែររស់នៅ ប្រទេស Australia ។
ភាពយន្ដរឿង «ល្បុក្កតោ» ត្រូវបានឆ្លុះបញ្ចាំងពីការតស៊ូរបស់កូនខ្មែរ ក្នុងការការពារសម្បត្តិបុរាណរបស់ដូនតា ពីដៃឈ្មួនបរទេសដែលព្យាយាមឈ្លានពាន និងជួញដូរវត្ថុបុរាណ។ រឿងនេះមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា លោក ចន ស័ក្ដ លោកគ្រូគុនល្បុក្កតោក្រមារមាស សាន គីមស៊ាន លោក DEREK BIDAUT ជាតារាសម្ដែងជនជាតិបារាំង លោក CHIKERE BERNARD គឺជាតារាសម្ដែងជនជាតិស្បែកខ្មៅ និងតារាកិត្តិយសជាច្រើនរូបទៀត៕
ទស្សនាវីដេអូខាងក្រោមនេះ៖