បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី Miss Universe Cambodia 2021 បាន​ឆក់យក​បេះដូង​មហាជន​ទូទាំងប្រទេស​កម្ពុជា​ហើយ បើទោះបីជា​នៅ លើ​វេទិកា​ប្រកួត Miss Universe 2021 កើតមាន​ការ​ភ្លាត់ស្នៀត​បន្ដិចបន្ដួច​ក៏ពិតមែន តែ​អ្នកគាំទ្រ​បាន​មើលឃើញថា នេះ​មិនមែនជា​កំហុស​របស់ ម៉ា​រ៉ា​ឌី ទេ។ ផ្ទុយទៅ វិញ អ្នកគាំទ្រ​នៅ តែ​បន្ដ​លើកទឹកចិត្ត​កញ្ញា ហើយ​រំភើប​បំផុត​នៅ ពេលដែល​ឃើញ​កញ្ញា​នៅ តែ​បន្ដ​ជំហរ​រឹងមាំ​នៅ លើ​វេទិកា។

ក្រោយ​ចប់​ការប្រកួត​ភ្លាម កញ្ញា ម៉ា​រ៉ា​ឌី បាន​ផ្ញើ​សារ​មកសុំ​ទោស​អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត Miss Universe Cambodia ដោយ​អះអាងថា កញ្ញា​មិនអាច​បន្តដំណើរ​ចូលទៅ កាន់ Top 16 បាន ទាំង​ដែល​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​រួចហើយ។ សារ​នេះ​ពិតជា​ធ្វើឱ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​ចង់​ស្រក់​ទឹកភ្នែក។

ភ្លាមៗនោះ​លោក ម៉ែន និមលរ​ត្ន័ ជា​អ្នកគ្រប់គ្រង​និង​រៀបចំ​កម្មវិធី Miss Universe Cambodia បាន​លើកទឹកចិត្ត ម៉ា​រ៉ា​ឌី តាមរយៈ​ហ្វេ​សបុ​កលោក​ថា «ក្មេង​តូច​អើយ! បង​ដឹងថា​អូន​ហត់​ខ្លាំងណាស់​ហើយ ហើយ​ទាំងអស់គ្នា​នៅ ​កម្ពុជា​នៅ តែ​ស្រលាញ់​អូន​ជានិច្ច ហើយ​ការដែល​ព្យាយាម​បំពេញ​តួរ​នាទី​តំណាង​ប្រទេស ជា​កាតព្វកិច្ច​និង​សំពាធ​ដ៏​ធំធេង​សំរាប់​អូន រួចទៅ ហើយ We love you Marady Ngin!»។

យ៉ាងណាមិញ លោក ម៉ែន និមលរ​ត្ន័ បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា លោក​ពិតជា​ក្ដុកក្ដួល​ខ្លាំង នៅ ពេលដែល​កំពុង​អង្គុយ​អាន Comment របស់​អ្នកគាំទ្រ​លើ​ហ្វេ​ស​ប៊ុ​ក។ ដំបូង​ឡើយ​គឺ​លោក​មាន​ក្ដី​ព្រួយបារម្ភ​ខ្លាំង​មែន ខ្លាច​តែ​រង​នូវ​ការស្ដីបន្ទោស​ពី​មាត់​មហាជន​ទូទាំងប្រទេស។ តែ​ផ្ទុយទៅ វិញ​គឺ នៅ ក្នុង​គ្រោះ​គឺមាន​លាភ  លោក​បែរជា​អួលដើមក ហូរ​ទឹកភ្នែក​ពេល​ឃើញ Comment អ្នកគាំទ្រ​ខ្មែរ​ជា​ច្រើ​នាក់ ចូលមក​សរសើរ​លើក​ទឹកចិត្ត​ដល់ ម៉ា​រ៉ា​ឌី បូករួម​ទាំង​សកម្មភាព​របស់​ក្រុមការងារ​នៅ ​ប្រទេស​អ៊ីស្រាអែល។

លោក​បន្ដថា ទោះ​មាន​កំហុស​អ​ចេតនា​លើ​ឆាក​ក៏ពិតមែន ប៉ុន្ដែ​អ្នកគាំទ្រ​មិនបាន​ស្តីបន្ទោស​ក្នុងន័យ​ជាន់ពន្លិច ពោលគឺ​មានតែ​ការ​អាណិត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ម៉ា​រ៉ា​ឌី ដែល​បាន​តស៊ូ​នៅ លើ​វេទិកា​ដោយ​មិន​ខ្វល់​ពី​ភាព​នឿយហត់។ លោក ម៉ែន និមលរ​ត្ន័ និយាយថា ៖ « នៅ ​ថ្ងៃទី១៦ ខែធ្នូ នេះ ខ្ញុំ​និង​ក្រុមការងារ រួមទាំង​អ្នកគាំទ្រ​ទាំងអស់ នឹង​ត្រៀមខ្លួន​ទៅ​ ទទួល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់មក​មាតុភូមិ​វិញ​របស់ ម៉ា​រ៉ា​ឌី នៅ ​ព្រលានយន្ដហោះ​អន្ដរជាតិ-ភ្នំពេញ។ ហើយ​យើង​មានកម្ម​វិធី២ គ្រោង​រៀបចំ​ជាពិសេស​សម្រាប់​គាត់ ទី១៖ នឹងមាន​កម្មវិធី​ជំនួប​ជាមួយ​ហ្វេ​ន និង​ទី២៖ នឹងមាន​កម្មវិធី​ពិសារ​អាហារ​ជុំគ្នា​ជាមួយ​ក្រុម​បវរកញ្ញា​ដើម្បី​លើកទឹកចិត្ត​ដល់ ម៉ា​រ៉ា​ឌី»។

លោក​បន្ដទៀតថា លោក​អរគុណ​ចំពោះ​ទឹកចិត្ត​ក្រុមការងារ​ប្រទេស​អ៊ីស្រាអែល ដែល​បាន​យកចិត្តទុកដាក់​ជួយ​ជ្រោមជ្រែង​ចំពោះ​បវរកញ្ញា​កម្ពុជា និង​អរគុណ​យ៉ាងខ្លាំង​ចំពោះ​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ស្រឡាញ់ និង​លើកទឹកចិត្ត​ដល់​បវរកញ្ញា​កម្ពុជា ជាពិសេស​ចំពោះ​កញ្ញា ងិន ម៉ា​រ៉ា​ឌី ជា Miss Universe Cambodia 2021៕

Telegram-Troryorng
Share.