ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន ​Soma Otani​ របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) បាន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់​លីគ​កំពូល​ប្រទេស​បង់ក្លាដេស​រដូវកាល​២០២១-២០២២ (2021–22 Bangladesh Premier League) ដោយ​ចូលរួម​ជាមួយ​ក្រុម​លេខ៣ ឆ្នាំ​ចាស់ Muktijoddha Sangsad KC។

កីឡាករ​រូប​នេះ​​នឹង​ពាក់​អាវ​លេខ​៦ ជាមួយ​ក្រុម​ថ្មី ស្រប​ពេល​រូប​គេ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​បរទេស​៤ រូប​ដែល​ក្រុម Muktijoddha Sangsad KC បាន​ចុះ​បញ្ជី​ត្រៀម​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ផ្សេង​ទៀត​ដូចជា​កីឡាករ​អេហ្ស៊ីប Ahmed Shamsaldin ​កីឡាករ​ហ្គីណេ Younoussa Camara​និង​មិត្តរួមជាតិ Tetsuaki Misawa។

ក្រុម Muktijoddha Sangsad KC ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ពានរង្វាន់ AFC Champion League នៅ​ឆ្នាំ​២០០០ ក្នុង​វគ្គ​ជម្រុះ​ជុំទី១ និង​២០០២ ត្រឹម​វគ្គ​ជម្រុះ​ជុំទី២ និង​ពានរង្វាន់ AFC Cup នៅ​ឆ្នាំ​២០០៤ និង​២០០៥ ក្នុង​វគ្គ​ចែក​ពូល។

ចំណែក​បច្ចុប្បន្ន​ក្រុម​របស់​​លីគ​កំពូល​បង់ក្លាដេស មាន​កៅអី​​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champion League ១ក្រុម​សម្រាប់​ក្រុម​ដែល​ជា​ម្ចាស់​ជើង​ឯក ហើយ​ក្រុម​ជើង​ឯក​រង​មាន​ឈ្មោះ​ចូលលេង​ពានរង្វាន់​AFC Cup តំបន់​អាស៊ី​ខាង​ត្បូង វគ្គ​ចែក​ពូល១ក្រុម និង​ក្រុម​ឈ្នះ​ពាន Bangladesh Federation Cup ត្រូវ​ប្រកួត​វគ្គ​ជម្រុះ១ក្រុម។ ​

បច្ចុប្បន្ន​ក្រុម​នេះ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ម៉ាឡេស៊ី Raja Isa ដែល​មាន​លោក Yusuke Kato ធ្លាប់​មាន​បទពិសោធន៍​ជោគជាំ​ក្នុង​តំបន់​អាស៊ាន និង​ទ្វីប​អាស៊ី កាល​នៅ​ជា​កីឡាករ​ជា​គ្រូ​ជំនួយ​ និង​លោក Dastagir Hossain Neera ជនជាតិ​បង់ក្លាដេស ជា​គ្រូ​ជំនួយ​ដែរ។

កាល​នៅ​ជា​កីឡាករ​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កីឡាករ ​Soma Otani រក​បាន​គ្រាប់​បាល់​​៦ គ្រាប់​ម្នាក់​ឯង​ក្នុង​លីគ​កំពូល​កម្ពុជា ស្រប​ពេល​ក្រុម​មួយ​នេះ​​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​សរុប​១៨គ្រាប់​ប្រចាំ​រដូវកាល និង​របូត​៣២​គ្រាប់​វិញ៕

Telegram-Troryorng
https://t.me/troryorngmedia
Share.