ថ្វី​ត្បិត​តែ​វេទិកា​ប្រកួត​ប្រជែង​សម្រស់​ Miss Universe 2021 បាន​បញ្ចប់​ទៅ​ ហើយ​ក្ដី​ ប៉ុន្តែ​ប្រធាន​បទ​មួយ​នេះ​នៅ​ តែ​ក្ដៅ​ និង​មាន​ការ​ជជែក​វែក​ញែក​គ្នា​ច្រើន​នៅ​ លើ​បណ្ដាញ​សង្គម​អនឡាញ​នានា​នៅ​ ឡើយ​ ប៉ុន្តែ​បើ​សង្កេត​លើ​បណ្ដាញ​សង្គម​ បវរកញ្ញា​កម្ពុជាហាក់​ទទួល​បាន​ការ​សរសើរ​លើក​ទឹក​ចិត្ត​និង​កម្លាំង​គាំទ្រ​យ៉ាង​លើស​លប់​ ខណៈ​ដែល​បវរកញ្ញា​ប្រទេស​ជិត​ខាង​កម្ពុជាគឺ​បវរកញ្ញា​ថៃ​ Anchilee Scott-Kemmis កំពុង​តែ​រង​ព្រនង់​ពាក្យ​សម្ដី​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ប្រជាជន​ថៃ​ ដែល​បេក្ខនារី​តំណាង​ប្រទេស​រូប​នេះ​មិន​អាច​ចូល​ទៅ ដល់​វគ្គ​ជំរុះ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឬ​វគ្គ Top16 នាក់​បាន​។

រឿង​រ៉ាវដែល​សារព័ត៌មាន​ត្រយង​លើក​យក​មក​បង្ហាញ​នៅ ពេល​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ករណី​បវរកញ្ញា​ខ្មែរ​ និង​បវរកញ្ញា​ថៃ​ ដែល​ជា​បេក្ខនារី​តំណាង​ជាតិ​ចេញ​ទៅ​ ប្រកួត​តំណាង​ជាតិ​នៅ​ ប្រទេស​អ៊ីស្រាអែល​ ក្នុង​កម្មវិធី​ Miss Universe 2021 ដោយ​បវរកញ្ញា​ទាំង​ពីរ​សុទ្ធ​តែ​មិន​ទទួល​បាន​ជោគជ័យ​ដូច​គ្នា​។ ប៉ុន្តែ​បើ​សង្កេត​លើ​បណ្ដាញ​សង្គម​វាសនា​របស់​នារីទាំង​ពីរ​នេះ​ ហាក់​ផ្ទុយ​គ្នា​ស្រឡះ​ព្រោះ​ខណៈ​ដែល​បវរកញ្ញា​កម្ពុជា​កញ្ញា ងិន ម៉ារ៉ាឌី ថ្វី​ត្បិត​តែ​ភ្លាត់​ស្នៀត​ធ្វើ​ឱ្យ​របូត​ក្បាំង​ពីក្រោយ​ខ្នង​ក្នុង​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​លើ​វេទិកា​ប្រកួត​ក្ដី​ កញ្ញា​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ​ដាក់​បន្ទុកឬ​​ស្ដី​បន្ទោស​​ចំពោះ​កំហុស​ដោយ​អចេតនា​នេះ​ឡើយ​ កញ្ញា​ត្រូវ​បាន​ប្រជាជន​កម្ពុជា​លើក​ទឹក​ចិត្ត​យ៉ាង​ផុសផុល​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រជាជន​កម្ពុជា​បាន​ផ្ដល់​សេចក្ដី​ស្រលាញ់​ចំពោះ​បវរកញ្ញា​ខ្លួន​យ៉ាង​ស្មោះ​អស់​ពី​ដួងចិត្ត​។

យ៉ាង​ណា​មិញ​បើ​មើល​ទៅ ប្រទេស​ថៃ​ឯណោះ​វិញ​ បវរកញ្ញា​ចក្រវាឡ​តំណាង​ប្រទេស​មួយ​នេះ​កំពុង​តែ​រង​ព្រនង់​សម្ដី​ពី​បណ្ដា​ហ្វេនៗ​ និង​ប្រជាជន​ថៃ​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​កញ្ញា​មិន​អាច​ឡើង​ទៅ​ ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឬ​វគ្គ​ Top16 នៅ​ ក្នុង​ការ​ប្រកួត​បាន​។យោង​តាម​ការ​បង្ហោះ​​នៅ​ លើ​បណ្ដាញ​សង្គម​​មាន​មតិ​មួយ​ភាគ​ធំ​ បាន​ដាក់​បន្ទុក​ទៅ​ លើ​កញ្ញា​ដោយ​សារ​តែ​រូបរាង​ធាត់​ធំ​ខុស​មាត្រដ្ឋាន​ប្រកួត​បវរកញ្ញា​ដែល​ភាគ​ច្រើន​អ្នក​រិះគន់​លើក​ថា​នេះ​គឺជា​កត្តា​ដ៏​ចម្បងដែល​ធ្វើ​ឱ្យ​បវរកញ្ញា​ប្រទេស​ខ្លួន​មួយ​នេះ​មិន​អាច​បន្ត​ដំណើរ​ទៅ​ ដណ្ដើម​មកុដ​បាន​។

យោង​តាម​គេហទំព័រ​ Pantip ដែល​ជា​បណ្ដាញ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ដ៏​ធំ​ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​ថៃ​ មាន​មតិ​រិះគន់​ជា​ច្រើន​បានលើក​ឡើង​ស្ដី​បន្ទោស​ទៅ​​ អ្នក​រៀបចំ​កម្មវិធី​ Miss Universe Thailand ដែល​បាន​ជ្រើសរើស​ Anchilee ឱ្យ​ក្ដោប​តំណែង​តំណាង​ជាតិ​ថៃ​ចេញ​ទៅ​ ប្រកួត​នៅ​ លើ​ឆាក​អន្តរជាតិ​។ មតិ​រិះគន់​ភាគ​ច្រើន​បាន​ឡើង​យក​ពី​ចំណុច​ខ្វះ​ខាត​របស់​កញ្ញាដែល​មើល​ទៅ​ មិន​មាន​ភាព​លេចធ្លោ​និង​មិន​​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង​​ជា​ដើម​ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ស្ដី​បន្ទោស​ចំពោះ​ការ​ចង់​ប្រូម៉ូត​ Real Size Beauty ពេក​រហូត​ភ្លេច​គិត​ថា​វេទិកា​នេះ​ត្រូវ​ការ​នារី​មានឌ ស្គម​ ស្រឡូន​ ស្អាត​ នៅ​ មិន​អស់​ត្រឹម​ប៉ុណ្ណឹង​ទេ​​រឿង​ឈុត​ក៏​ជា​ប្រធាន​បទ​ក្ដៅ​ ដែល​អ្នក​គាំទ្រ​ថៃ​ធ្វើ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ដូច​គ្នា​ដែរ​។

​គួរ​ដឹង​ថា​បវរកញ្ញា​កម្ពុជា​កញ្ញា​ ងិន ម៉ារ៉ាឌី នឹង​វិល​ត្រលប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​នៅ ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០២១ ខាង​មុខ​នេះ​ ដូច្នេះ​សម្រាប់​ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​បវរកញ្ញា​រូប​នេះ​អាច​ទៅ​ រង់​ចាំ​ទទួល​ដើម្បី​លើក​កម្លាំង​ចិត្ត​ និង​ទឹក​ចិត្ត​ចំពោះ​បវរកញ្ញា​កម្ពុជា​យើង​បាន​​៕​

Telegram-Troryorng
Share.