សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ បានប្រកាសថា ប្រទេស​មួយនេះបានរកឃើញ​វីរុសបំប្លែងថ្មី អូមីក្រុង ប៉ុន្ដែសម្ដេច​ឲ្យ​គ្រប់គ្នា​ កុំស្លន់ស្លោ ហើយវិធានការការពារ​ត្រូវតែមាន។​ សម្ដេចតេជោ ហ៊ុន សែន​លើកឡើងបែប​នេះ នៅអំឡុងពេល​សម្ដេចអញ្ជើញជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាព្រឹកថ្ងៃទី​១៥ ធ្នូ។

សូមចុចអាន៖ កម្ពុជា រកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង លើស្រ្តីមានផ្ទៃពោះ

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការជឿជាក់ថា ស្រ្តីមានផ្ទៃពោះ​ ដែលបាន​ឆ្លង​ជំងឺកូវីដ១៩​នេះ នឹងជាសះស្បើយ ព្រោះ​រហូត​មកទល់នឹងពេល​នេះ នាងមិនចេញអាការៈ​អ្វី​ធ្ងន់ធ្ងរ​នោះទេ ហើយ​ថែមទាំង​ធ្លាប់បាន​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Johnson and Johnson។ «ខ្ញុំជឿជាក់ថាគាត់ជាសះស្បើយ តែយើងក៏មិនទាន់​ដឹង​អំពីការចម្លងជំងឺ​ដល់កូន​នៅក្នុងផ្ទៃឬយ៉ាងណា?ហើយគ្រូពេទ្យត្រូវតាមដានលើបញ្ហាសុខភាព​របស់​នាង»។

ការរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩​បំប្លែងថ្មី អូមីក្រុង កើតមានបន្ទាប់​ពីប្រទេស​កម្ពុជា​បើក​ចំហរប្រទេស ហើយ​ទទួល​យក​ភ្ញៀវទេសចរបរទេស​វ៉ាក់សាំង។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​ចាត់​ទុក​ឆ្នាំ​២០២២ ដែលនឹងមកដល់​ក្នុង​ពេល​ឆាប់​ៗនេះ ជាឆ្នាំ​នៃការ​ចាប់​ផ្ដើម​ស្ដារ និង​ជំរុញសេដ្ឋកិច្ច​ឡើង​វិញ ហើយ​ឈាន​ទៅ​រក​ភាពប្រក្រតី​ នៅឆ្នាំ​២០២៤ ដែលកម្ពុជា​រក្សាកំណើន​សេដ្ឋកិច្ច​រង្វង់​៧%។​

គួរបញ្ជាក់ថា កម្ពុជា​បានរកឃើញ​រកឃើញអ្នក​ឆ្លងជំងឺកូវីដ១៩​បំប្លែងថ្មី អូមីក្រុង កាលពី​ថ្ងៃទី១៤ ខែធ្នូ។ ស្ត្រីរូបនេះ មានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅ ព្រលានយន្តហោះទី ក្រុងបាងកកនៃប្រទេសថៃ (ដោយនៅ រងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ ប្រទេសកម្ពុជានៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នៅ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុម ការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ៕

Share.