កីឡាករ​ប្រេស៊ីល Eliel Da Cruz ដែល​ក្នុង​រដូវកាល​ឆ្នាំ​២០២១ កន្លង​ទៅ​រក​គ្រាប់​បាល់​ឱ្យ​អង្គរថាយហ្គឺរ បាន​រហូត​ដល់​១០គ្រាប់​ម្នាក់​ឯង ពេល​នេះ​ត្រូវ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ប្រកាស​ចែក​ផ្លូវ​គ្នា​ហើយ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅ​ល្ងាច​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ថា៖«ក្លិប​ សូម​ជម្រាប​ដំណឹង​ជូន​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ថា ក្លិប​បាន​សម្រេច​ចែក​ផ្លូវគ្នា​ជាមួយ​កីឡាករ​ Eliel Da Cruz​ ក្រោយ​ពី​ចូលរួម​ជាមួយ​ក្លិប​ក្នុង​ពេញ​មួយ​រដូវកាល ២០២១។ ពួក​យើង​រាល់​គ្នា​នៅ​ក្នុង​ក្លិប​ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ក្រៃលែង សម្រាប់​ការ​រួម​ចំណែក​ជួយ​ក្លិប។ សូមជូនពរ Da Cruz ឲ្យ​ជួប​ប្រទះ​តែ​សំណាង​ល្អ នឹង​បន្តជោគជ័យក្នុងអាជីព»។

អត្ថបទពាក់ព័ន្ធ៖ល្បីថាគ្រូថ្មី​របស់ក្រុមអង្គរថាយហ្គឺរ ប្រាក់ខែជិត៤ម៉ឺនដុល្លារ?

ក្រុម​អង្គរថាយហ្គឺរ ទើប​តែ​តែងតាំង​លោក Alistair Heath ជនជាតិ​អង់គ្លេស ជា​គ្រូ​បង្វឹក បន្ទាប់​ពី​គ្រូ​បង្វឹក​ចាស់​ជនជាតិ​អេស្ប៉ាញ Oriol Mohedano បាន​ចាកចេញ។ ក្រៅ​ពី​នោះ​ក្លិប​បាន​ប្រកាស​ពី​ការ​ចាកចេញ​របស់​កីឡាករ​មួយ​ចំនួន​ដែរ​ដូចជា ឈង់ ប៊ុនណាត ទៅ​វិសាខា, កីឡាករ​បេឡារូស​ Maksim Taleyko, កីឡាករ ឡុង ម៉េងហាវ, កីឡាករ ឡុង ភារ៉ាត់, កីឡាករ​ជប៉ុន Kosuke Uchida និង​ កីឡាករ​ជនជាតិ​តុងហ្គា Ata Inia ជាដើម។

បើ​និយាយ​ពី​លទ្ធផល​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ​ក្រុម​អង្គរថាយហ្គឺរ បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ចំណោម​ក្រុម​ជា​សមាជិក​ទាំង​១៣ ក្រោយ​ប្រកួត​បាន​១៩លើក ឈ្នះ​៨លើក ស្មើ​៤លើក​និង​ចាញ់​៧លើក។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន វិញ​ក្រុម​​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន មួយ​នេះ​​បាន​ធ្លាក់​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​ព្រះខ័នរាជស្វាយរៀង ៣-០ នៅ​ខេត្ត​ស្វាយរៀង៕

Telegram-Troryorng
Share.