
ក្រុមបាល់ទាត់ក្នុងសាល ឬហៅថាហ្វូតសាល របស់ជម្រើសជាតិវៀតណាម ស្ថិតក្នុងបញ្ជីប្រទេសទាំង៤ ដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចឱ្យចូលរួមប្រកួតជម្រុះដណ្តើមដណ្តើម២កៅអីឡើងទៅលេងក្នុងពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2021 FIFA Futsal World Cup នៅប្រទេសលីទុយអានី ជាមួយក្រុមជប៉ុន,អ៊ីរ៉ង់ និងអ៊ូបេគីស្ថាន ដែលមានឈ្មោះដោយស្វ័យប្រវត្តិ។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានរៀបចំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កីឡាករជាសមាជិកក្រុមនិងក្រុមការងារគ្រូបង្វឹក សម្រាប់ក្រុមខ្លួនរួចរាល់ហើយកាលពីថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ 175 Military ក្នុងទីក្រុងហូជីមិញ។ ការចាក់វ៉ាក់សាំងនេះក្រោយពេលកីឡាករ២២នាក់ត្រូវបានលោក Pham Minh Giang ជាគ្រូបង្វឹកក្រុមជម្រើសជាតិហ្វូតសាលវៀតណាម កោះហៅប្រមូលផ្ដុំនៅមជ្ឍមណ្ឌលកីឡា Thai Son Nam Sports Center។

ជម្រើសជាតិវៀតណាម ត្រៀមផែនការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លិបក្នុងស្រុកដូចជា Thai Son Nam និង Sahako មុនចេញដំណើរទៅកាន់ប្រទេសអារ៉ាប់រួម ដែលជាទឹកដីកណ្ដាលសម្រាប់ប្រកួតជម្រុះ 2021 FIFA Futsal World Cup ប្រចាំទ្វីបដែល AFC រៀបចំទុក។
បើតាមលោក Tran Quoc Tuan អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម លើកឡើងថាសហព័ន្ធបានទាក់ទងជាមួយភាគីថៃ ដែលជាបេក្ខភាពប្រកួតជម្រុះ World Cup ដូចគ្នានេះ ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម ផ្ទាល់តែម្ដង នៅក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។
សូមបញ្ជាក់ថាមានប្រទេសចំនួន៥ មានឈ្មោះតំណាងឱ្យទ្វីបអាស៊ី ឡើងទៅលេងពាន FIFA Futsal World Cup 2021 ខណៈ AFC បានជ្រើសរើសក្រុមចំនួន៣ ដែលទទួលបានចំណាត់ថ្នាក់ល្អកាលពីប្រកួត AFC Futsal Championship 2018 មានឈ្មោះឡើងទៅលេងដោយស្វ័យប្រវត្តិមានដែលកាលនោះមានអ៊ីរ៉ង់ ជាម្ចាស់ជើងឯក ជប៉ុន ជាជើងឯករងនិងអ៊ូបេគីស្ថាន ជាក្រុមមេដាយសំរឹទ្ធ។ ចំណែក២ក្រុមទៀត នឹងជ្រើសចេញពីវគ្គជម្រុះរវាងក្រុមលេខ៤ ដល់លេខ៧ ដោយក្រុមលេខ៤អ៊ីរ៉ាក់ ប៉ះក្រុមលេខ៦ ថៃ និងក្រុមលេខ៥ លីបង់ ជួបក្រុមលេខ៧វៀតណាម។

ការប្រកួតវគ្គជម្រុះនេះជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសអារ៉ាប់រួម ហើយជើងទី២ ធ្វើឡើងនៅ៥ថ្ងៃបន្ទាប់។ ក្រុមឈ្នះទាំង២គូនេះនឹងទទួលកៅអី ឡើងទៅលេងពាន 2021 FIFA Futsal World Cup នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ៕