បុរសម្នាក់ក្នុងសភាពស្លេកស្លាំង និងរបួសដៃសងខាង វង្វេងភាំងបាត់ស្មារតី ត្រូវបានគេដឹក តាមម៉ូតូកង់បីយកទៅទម្លាក់ចោលតាមចិញ្ចើមផ្លូវ សង្ស័យអត់លុយ ឲ្យថ្លៃពេទ្យទើបគេដឹក យកទៅចោលបែបនេះ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង ១០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ នៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមការកត់សម្គាល់បុរសខាងលើ ស្ថិតក្នុងសភាពរបួស វង្វេងបាត់ស្មារតី មានអាយុ ប្រហែល ជាង៣០ឆ្នាំ ។

បើតាមពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បីមួយគ្រឿង មាន ទាំងស្ត្រីម្នាក់ផង បានដឹកបុរសរូបនេះ មកដាក់ចោល គ្រាន់តែប្រាប់ថា គាត់មានជម្ងឺ ត្រូវដឹក ជូនទៅពេទ្យ ក៏ប៉ុន្តែឲ្យគាត់អង្គុយទីនេះសិន ពួកគេទៅយកលុយ ហើយក៏នាំ គ្នាចាក ចេញ ទៅបាត់ ។

បន្ទាប់ពីម៉ូតូកង់បីដែលដឹកយកមកនោះបានចាកចេញទៅបាត់ បុរសរូបនោះក៏នៅ ដេកដួល លើចិញ្ចើមផ្លូវម្នាក់ឯង ទើបបង្កឲ្យភ្ញាក់ផ្អើល ទាំងពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ។

តែបើតាមប្រភពមួយទៀតបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ គេឃើញបុរស ខាងលើ ក្នុងសភាពស្រវឹងស្រា វាយជញ្ជាំង កញ្ចក់ បណ្តាលឲ្យរងរបួស ហើយត្រូវបាន រថយន្តគ្លីនិកឯកជនមួយនៅកំបូលដឹកយកទៅសង្គ្រោះ ស្រាប់តែព្រឹកឡើងបែរជាគេឃើញ ម៉ូតូកង់បីដឹកយកមកទម្លាក់ចោលតាមផ្លូវ ទើបគេសង្ស័យថា បុរសរូបនេះអត់លុយឲ្យថ្លៃពេទ្យ ទើបគេដឹកយកមកទម្លាក់ចោលទីនេះ ។

ក្រោយមកបងប្អូនប្រជាពលរដ្ឋ បានជួយបញ្ច្រកទឹក និងយកតង់មកបាំងបាន ជាម្លប់ជ្រក បណ្តោះអាសន្នរង់ចាំបងប្អូនសាច់ញាតិមកទទួលយកទៅថែទាំងបន្ត៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.