យោង​តាម​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ផេក​ Miss World បាន​ចេញ​សេចក្ដី​ប្រកាស​សារព័ត៌មាន​ស្ដី​ពី​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ Miss World អន្តរជាតិ​ដោយ​សារ​តែ​ផ្ទុះ​ចេញ​ជំងឺ​កូវីដ​-១៩​ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​។ ដំណឹង​បន្ទាន់​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​កម្ពុជា​មាន​ក្ដី​ព្រួយ​បារម្ភ​ពី​សុខសុវត្ថិភាព​របស់​បវរកញ្ញា​កម្ពុជា កញ្ញា​ ភុំ សោភ័ណ្ឌ ដែល​ជា​បេក្ខនារី​តំណាង​ជាតិ​កំពុង​តែ​ស្នាក់​នៅ​ ព័រ​តូរីកូ ដើម្បី​រង់ចាំ​ការ​ប្រកួត​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​បវរកញ្ញា​កម្ពុជា​ ភុំ សោភ័ណ្ឌ​ បាន​និយាយ​ឱ្យ​ដឹង​នៅ​ ក្នុង​ Live ថាការ​ដែល​កម្មវិធី​សម្រេច​ចិត្ត​ផ្អាក​​ការ​ប្រកួត​ជា​បណ្ដោះ​អាសន្ន​នោះ​ក៏ដោយសារ​តែ​ មាន​បវរកញ្ញា​មួយ​រូប​ និងអ្នក​រៀបចំ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ​-១៩ ដូច្នេះ​ទើប​កម្មវិធី​ត្រូវ​ពន្យារពេល​នៃ​ការ​ប្រកួត​។

កម្មវិធី​ប្រកួត​នឹង​ត្រូវ​ពន្យា​ពេល​ប្រកួត​ដោយ​រង់ចាំ​រយៈ​ពេល​៩០​ថ្ងៃ​ក្រោយ​ទើប​ការ​ប្រកួត​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ ព្រោះ​​រកឃើញ​ថា​មាន​ការ​ឆ្លង​ជំងឺ​មួយ​នេះ​នៅ​ក្នុង​​ក្រុម​ការងារ​និង​បេក្ខនារី​ប្រកួត​។ បន្ទាប់​ពី​ផ្ទុះ​ករណី​កើត​ជំងឺ​កូវីដ​នៅ​ក្នុង​ក្រុម​ប្រកួត​បវរកញ្ញា​ពិភពលោក​ អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខ​សុវត្ថិភាព​របស់​បវរកញ្ញា​កម្ពុជា​យើង​គ្រប់ៗ​គ្នា​។ យ៉ាង​ណា​មិញ​សាមី​ខ្លួន​បាន​ចេញ​មក​ Live ចែក​រំលែក​ពី​សុខទុក្ខ​របស់​ខ្លួន​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ថា​ ខណៈ​នេះ​កញ្ញា​មាន​សុខភាពល្អ និង​មិនមាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ​ដោយ​សារ​តែ​កញ្ញា​បាន​ជួប​ប្រាស្រ័យ​ឬ​ប៉ះពាល់​ជាមួយ​នឹង​អ្នក​កើត​ជំងឺ​កូវីដ​​នោះ​ទេ​។

តាម​រយៈ​ការ​ Live នោះ​ក៏​កញ្ញា​ ភុំ សោភ័ណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរថា​នៅ​ថ្ងៃ​ទី​១៨​នេះ​ កញ្ញា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​ ដើម្បី​រង់ចាំ​តេស្ត​លទ្ធផល​ជំងឺ​កូវីដ​-១៩ ប្រសិន​​បើ​មិនមាន​បញ្ហា​អ្វី​នោះ​ទេ​ កញ្ញា​នឹង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ព័រតូរីកូ​ត្រលប់​មក​កាន់​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​៕

Telegram-Troryorng
Share.