ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកវិជ្ជមានកូវីដ១៩បម្លែងថ្មី អូមីក្រុងលើ បុរសជនជាតិអៀរ៉ង់ អាយុ២៥ឆ្នាំ បានមកស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ បន្ទាប់ពីចេញលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា បុរសខាងលើនេះ បានធ្វើទេសចរនៅ ប្រទេសខេនញ៉ា (Kenya) ប្រហែលជាមួយខែមុន ហើយចំនួន៣ថ្ងៃមុននេះ ក៏បានធ្វើដំណើរតាមជើង ហោះហើរចេញពីប្រទេសមេនញ៉ា (តំបន់អាហ្វ្រិក) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលាន យន្តហោះទីក្រុងបាងកកនៃប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្ដរហ័សលើវត្ថុ សំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាករបស់គាត់ ទៅកាន់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។

បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ករណីរកឃើញមេរោគបម្លែងថ្មី អូមីក្រុងនេះ គឺជាមនុស្សទី០២ហើយ បន្ទាប់ពីកម្ពុជា បានប្រកាសថា អ្នកទី០១ មានវីរុសកូវីដ១៩ លើស្រ្តីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ នាងមានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទី ក្រុងបាងកកនៃប្រទេសថៃ (ដោយនៅរងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុម ការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។

ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩បម្លែងថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកុំឲ្យប្រជាជនស្លន់ស្លោ ប៉ុន្ដែវិធានការពារសុខភាព ពីការឆ្លងជំងឺកូវីដ១៩ នៅតែអនុវត្ត។ ការរកឃើញមេរោគបម្លែងថ្មីនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ប្រកាសពីការបើកសង្គមសេដ្ឋកិច្ចឡើងវិញ ជាពិសេស វិស័យទេសចរ ដែលប្រកាសទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងជាដើម។ ទន្ទឹមនឹងនេះ កម្ពុជារំពឹងថា សេដ្ឋកិច្ចនឹងដំណើរការឡើងវិញដូចធម្មតា នៅឆ្នាំ២០២៤ខាងមុខនេះ៕ 

Share.