អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៧ខែឧសភាបានប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិននិងបានផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងនេះសម្រាប់បង្ការជំងឺឆ្លងផងដែរ។

 នេះបើយោងតាមសារព័ត៌មាន BBC ដែលចេញផ្សាយនៅប៉ុន្មានម៉ោងមុននេះ។

ប្រភពដដែលអះអាងថា ការប្រកាសរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinopharm និងបានយល់ព្រមអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធី Covax របស់អង្គការមួយនេះផងដែរ។

កន្លងមក WHO បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៤ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna។

យោងតាមសេចក្តីរាយការណ៍ថា គិតរហូតមកដល់មានប្រកាសទទួលស្គាល់របស់អង្គការ សុខភាពពិភពលោកនេះ វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)ត្រូវប៉ាន់ប្រមាណថាបាចែកចាយ រហូតដល់៦៥លានដូសរួចមកហើយ៕

Share.