នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហើបឱ្យដឹងថាជនរងគ្រោះគឺ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវក្រុមចោរប្រដាប់អាវុធចំនួន៤ នាក់មានឯកសណ្ឋានឈុតខ្មៅ បានធ្វើសកម្មភាពភ្ជង់គំរាមយកគ្រឿងអលង្ការនិងលុយ អស់ជាង ១០លានដុល្លារនៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកអធិការបានមានប្រសាសន៍បន្តទៀតថា ករណីប្លន់ខាងលើ ជនរងគ្រោះ អ៊ាន សៀវម៉ី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ ថៅកែលក់ឡេតាមអនឡាញ បានបាត់បង់សម្ភារៈដូចជា គ្រឿងអលង្ការ ពេជ្រ លុយ សរុបជាទឹកប្រាក់១០លានដុល្លារ ។ ប្រភពបន្ដឲ្យដឹងទៀតថា ក្រោយពីមានការភ្ញាក់ផ្អើលជនប្រដាប់អាវុធមួយក្រុមចូលធ្វើសកម្មភាពគំរាមយកលុយគ្រឿងអលង្ការនៅផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ភ្លាមៗនោះ ក្រុមជនសង្ស័យមានគ្នា៤នាក់ ឯកសណ្ឋានឈុតខ្មៅ ជិះរថយន្តមួយគ្រឿង ម៉ាក GS300 ពណ៌ស គ្មានស្លាកលេខ បានបើករត់គេចចេញដោយសុវត្ថិភាព ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួង ចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតិឱ្យអ្នកសារព័ត៌មានចូល ទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

Telegram-Troryorng
Share.