បន្ទាប់ពី​ធ្លាយ​ដំណឹង​ជា​ហូរហែ​អំពី​ករណី​ក្រុម​គំរាម​យកប្រាក់​ពី​ជំទាវ​ឧកញ៉ា​ល្បីឈ្មោះ​មួយរូប​ថា បាន​បាត់បង់​ទ្រព្យសម្បត្តិ​រហូត​ដល់​ខ្ទង់លាន​ដុល្លារ​នោះ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញមក​បញ្ជាក់ថា លោកស្រី អ៊ា​ន សៀវ​ម៉ី  មិនមាន​ការ បាត់​បង់លុយ​រហូតដល់ ៩ ឬ១០លាន​ដុល្លារ ដូច​ផ្សាយ​នៅលើ​បណ្ដាញ​សង្គម​នោះទេ ។

នៅមុន​ពេល​ភ្ជង់​គំរាម​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ក្រុមចោរ​ប្រដាប់អាវុធ៤នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច ហើយ​ភូត​កុហកថា ជា​ការចុះអនុវត្ត​សាលដីការ​ក្លែងក្លាយ ដើម្បី​បាន​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ។ករណី​ភ្ជង់​គំរាម​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង១០៖៤០នាទី ព្រឹក​ថ្ងៃទី១៩ ខែធ្នូ​ឆ្មាំ២០២១ នៅ​ចំណុច​ផ្ទះ​វីឡា​លេខV01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​យក​គ្រឿងអលង្កា​ពេជ្រ​មានតម្លៃ​ខ្ទង់លាន​ដុល្លារ។

បើតាម​ការរៀបរាប់រ​បស់​សមត្ថកិច្ច​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​មាន​មនុស្ស១០នាក់ ក្នុងនោះ​មាន ប្រុស៤ ស្រី៣ និង​ក្មេង៣នាក់ (ប្រុស១ស្រី២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ ហើយ​ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា៤នាក់ អង្គុយ​ក្នុង​ឡាន១នាក់ (ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស) (ក្នុងចំណោម៤នាក់​មាន​ម្នាក់​ពាក់​សក្តិ៤) ចុះមក​ឃាត់​ជនរងគ្រោះ​មិនឱ្យ​ចេញដំណើរ ហើយ​ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​ចុះ​អនុវត្ត​ដីការ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម (អ៊ឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជង់ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឱ្យជនរងគ្រោះឈ្មោះ អ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្ការ ហើយឱ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្សពួកខ្លួន ថា A1 A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្សក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។


យ៉ាងណាមិញករណីខាងលើបានផ្សព្វផ្សាយពេញបណ្ដាញសង្គម ថាទឹកប្រាក់និងគ្រឿងអលង្ការ ដែលឧកញ្ញ៉ា អ៊ាន សៀវម៉ី បានបាត់បង់គឺមានចំនួន១០លានដុល្លារ ប៉ុន្តែករណីខាងលើនេះត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញចេញសេចក្ដីប្រកាសបំភ្លឺព័ត៌មានថា ជាក់ស្ដែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយគឺបាត់បង់តែខ្សែកចំនួន ៣ខ្សែប៉ុណ្ណោះ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នៅពេលដែល​សមត្ថកិច្ច​ចម្រុះ កំពុងតែធ្វើការ​សាកសួ​រ និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាសលាស់​លើ​ករណីនេះ ជាក់ស្តែង តាម​ចម្លើយ​ជនរងគ្រោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣ខ្សែ​តែប៉ុណ្ណោះ ៕

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.