
កីឡាការិនី Ajcharaporn Kongyot សមាជិកក្រុមជម្រើសជាតិថៃ ត្រូវបានក្លិបបាល់ទះនៅលីគកំពូលប្រទេសទួរគី Turkish Women’s Volleyball Leagueចុះកិច្ចសន្យាយកទៅចូលរួមក្នុងក្រុម ដើម្បីត្រៀមប្រកួតក្នុងរដូវកាកឆ្នាំ២០២១-២២ ខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបនៅយប់ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។
ក្លិបបាល់ទះ Sarıyer Belediyesi Spor Kulübü របស់ទួរគី បានបញ្ជាក់ថាក្លិបបានជោគជ័យក្នុងកិច្ចពិភាក្សាក្នុងការនាំយកតារាបាល់ទះពីទ្វីបអាស៊ី Ajcharaporn Kongyot សម្រាប់រដូវកាលថ្មីខាងមុខ។ កីឡាការិនី រូបនេះមានកម្ពស់ ១,៨០ម៉ែត្រ ទម្ងន់ ៦៥គីឡូគ្រាម ខណៈនាងធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិថៃ តាំងពីឆ្នាំ២០១០ មកម៉្លេះ។
កីឡាការិនីខាងលើ ធ្លាប់ឈ្នះមេដាយជាច្រើនជាមួយក្រុមជម្រើសជាតិថៃ ដូចជាមេដាយប្រាក់ ក្នុងពាន Montreux Volley Masters ដែលរៀបចំឡើងដោយប្រទេសស្វីស ឆ្នាំ២០១៦ ឈ្នះមេដាយសំរឹទ្ធក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីប Asian Games នៅឥណ្ឌូណេស៊ី 2018 Jakarta-Palembang ឈ្នះក្នុងពានរង្វាន់ Asian Championship មានមេដាយមាស នៅ 2013 Nakhon Ratchasima មេដាយប្រាក់ 2017 Biñan និងមេដាយសំរឹទ្ធ2015 Tianjin។ ឈ្នះមេដាយក្នុងពាន Asian Cup មានមេដាយមាស 2012 Almaty មេដាយសំរឹទ្ធ 2016 Vĩnh Phúc និងមេដាយសំរឹទ្ធ 2018 Nakhon Ratchasima។ ក្រៅពីនោះឈ្នះមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ២០១៥ នៅសិង្ហបុរី ២០១៧ នៅកូឡាឡាំពួរ និង២០១៩ នៅហ្វីលីពីន។
នេះមិនមែនជាលើកដំបូងនោះទេ ដែលកីឡាការិនី រូបនេះចេញទៅប្រកបអាជីពនៅក្រៅប្រទេសខណៈកាលពីឆ្នាំ២០១៣ នាងធ្លាប់ចូលរួមក្លិបBank DKI របស់ឥណ្ឌូណេស៊ី និងក្លិប Jakarta BNI 46 ចន្លោះឆ្នាំ២០១៨-១៩។ យ៉ាងណានាងជាសមាជិកបរទេសទី២ ដែលចុះក្នុងបញ្ជីក្លិប Sarıyer Belediyesi Spor Kulübü បន្ទាប់ពីកីឡាការិនីអាមេរិក Naya Crittenden ក្នុងលីគបាល់ទះនារីទួរគី នេះ។ ក្លិបជាសមាជិកពានលីគបាល់ទះនារីទួរគី ទាំង១៤ក្រុមអាចចុះបញ្ជីកីឡាការិនីបរទេសក្នុងក្រុមរៀងៗខ្លួនបាន៥នាក់ ពីលើបញ្ជីកីឡាការិនីទួរគី ដែលមានស្រាប់៕
