គ្រូល្ខោនព្រះករុណា រជ្ជកាលហ្លួង មុនីវង្ស មាន៤រូប គឺ លោកយាយ ស៊ិន សាម៉ាដឹកឆូ ( ឯកទេស តួយក្ស ) ព្រឹទ្ធាចារ្យ ខឹម ណែម ( ឯកទេស តួនាយរោង និងជាម្តាយចិញ្ចឹមរបស់លោកគ្រូ ព្រឿង ឈៀង និងលោកគ្រូ ព្រឿង សុខជាតិ ) ព្រឹទ្ធាចារ្យ ជា ខាន់ ( ឯកទេស តួយក្ស ) និងព្រឹទ្ធាចារ្យ ស៊ឹម មន្ថា ( ឯកទេស តួនាយរោង ) ក្នុងចំណោមព្រឹទ្ធាចារ្យ ទាំង ៤នាក់ខាងលើ មានព្រឹទ្ធាចារ្យ ៣នាក់បានទទួលអនិច្ចកម្មហើយ ។ ដើម្បីជាការរំលឹកដល់គុណូបការៈនិងរំលឹកដល់ថ្ងៃទទួលអនិច្ចកម្មគម្រប់ ៤ឆ្នាំនៃលោកយាយ ស៊ិន សាម៉ាដឹកឆូ សារព័ត៌មានត្រយងសូមបង្ហាញជូននូវជីវប្រវត្តិដ៏កំសត់របស់លោកយាយ ជម្រាបនិងជូនដល់ប្រិយមិត្តដូចតទៅនេះ។

លោកយាយ ស៊ិន សម៉ាដឹកឆូ នៅខាងចុងឆ្វេងដៃ

បើតាមអត្ថបទស្រាវជ្រាវរបស់ហ្វេសប៊ុកផេក វប្បធម៌ខ្មែរ បានរៀបរាប់ថា លោកយាយព្រឹទ្ធាចារ្យវិរសិល្បការិនី ស៊ិន សាម៉ាដឹកឆូ កើតនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ១៩៤០ ម្តាយលោកយាយនាម ដកព ជាគ្រូឯកទេសនាង ក្នុងព្រះបរមរាជវាំង។ អ្នកគ្រូដកព បានចាប់កាច់ពត់ដៃជើងកុមារីឆូ ឱ្យរាំជាតួនាង ដូចឯកទេសរបស់ខ្លួន តែនៅពេលម្តាយរបស់លោកបានយកលោកចូលព្រះបរមរាជវាំង ថ្វាយព្រះមហាក្សត្រីយានី ព្រះអង្គក៏បានសុំអ្នកគ្រូដកព ឱ្យកុមារីឆូ ហាត់ជាតួស្វាជាមួយអ្នកគ្រូភួងវិញ។

លោកយាយ ស៊ិន សម៉ាដឹកឆូ

សម្តេចមហាក្សត្រីយានី ដោយខ្លាចម្តាយអ្នកគ្រូឆូអន់ចិត្ត លោកក៏បានត្រាស់បញ្ជាឱ្យអ្នកគ្រូប្រឹលដែលជាគ្រូប៉ាក់គ្រឿង ប៉ាក់គ្រឿងថ្មីប្រទានឱ្យលោកយាយឈុត ថ្មីស្រឡាងដើម្បីជាការលើកទឹកចិត្តនិងបានចេញរាំជាតួស្វាក្នុងអាយុប្រមាណ ១៤ឆ្នាំ។ លោកយាយឆូបានហាត់យក្សជាមួយអ្នកគ្រូព្រោង តែដោយកាយសម្បទាមិនគ្រប់គ្រាន់ លោកយាយក៏បានបន្តហាត់តែងជាមួយគ្រូ សូត្រ និងហាត់ច្រៀងជាមួយម៉ម យ៉ា និងអ្នកនាងខុម មិនតែប៉ុណ្ណោះលោកយាយឆូបានហាត់តួអង្គងោះ ជាមួយម្ចាស់ស៊ីសុដា និងលោកឃុនមាឃ ដែលជាគ្រូងោះដ៏ល្បីល្បាញ ប្រចាំព្រះបរមរាជវាំង។

ក្រោយសម័យខ្មែរក្រហមលោកយាយក៏បានចូលមកបម្រើនិងចូលរួមស្តារឡើងមកវិញនៃទម្រង់សិល្បៈរបាំព្រះរាជទ្រព្យនេះឱ្យមានវត្តមានមកដល់សព្វថ្ងៃ។ លោកយាយបានឃ្លាតឆ្ងាយពីយើងទៅនាថ្ងៃសុក្រ ទី២២ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១:០៥ នាទី ដោយរោគាពាធ។ សពលោកយាយត្រូវបានប្រទានភ្លើងបូជារំលាយសពដោយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ព្រះនិមិត្តរូបរបាំព្រះរាជទ្រព្យ។ លោកជាតួស្វាស សម្តែងដោយស្ត្រីចុងក្រោយគេបង្អស់ហើយក្នុងទម្រង់ល្ខោនព្រះរាជទ្រព្យ រជ្ជកាលសម្តេចមហាក្សត្រិយានី ព្រះមាតាសិល្បៈជាតិមុនការសព្ទព្រះរាជហទ័យកែទម្រង់អនុញ្ញាតិឱ្យបុរសចូលរួមសម្តែងបានត្រឹមតួស្វា តួសត្វ តួលោកតាឥសី តែប៉ុណ្ណោះ។
កូនចៅជំនាន់ក្រោយៗសូមចងចាំនូវគុណូបការៈក៏ធំធេងឥតឧបមារបស់លោកចំពោះសិល្បៈសក្ការៈនេះរហូតដល់វិនាទីចុងក្រោយនៃជីវិតលោកយាយ៕

លោកយាយ ស៊ិន សម៉ាដឹកឆូ

ទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.