ការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះសិង្ហបុរី ប៉ះក្រុមឥណ្ឌូនេស៊ី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត សម្រាប់ជើងទី១ ធ្វើឡើងនៅយប់ថ្ងៃពុធ ទី២២ ខែធ្នូ វេលាម៉ោង៧:៣០នាទី នៅក្នុងពហុកីឡដ្ឋានជាតិសិង្ហបុរី នាព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2020។

ខណ:ខ្សែបម្រើស្លាបម្នាក់ទៀតគឺ Egy Vikri របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានមកដល់ប្រទេសសិង្ហបុរីហើយថ្ងៃនេះ បន្ទាប់ពីអវត្តមាននៅក្នុងវគ្គជម្រុះដោយសារជាប់លេងឲ្យក្លិប FK Senica លីគកំពូលរបស់ប្រទេសស្លូវ៉ាគី ប៉ុន្តែយប់នេះគាត់ទំនង់ជាមិនទាន់អាចលេងនោះទេ ដោយលោក Shin Tae-yong ដាក់គាត់ឲ្យសម្រាកយកកម្លាំងសិន រង់ចាំរហូតដល់ជើងទី២។

ចំណែកឯ១គូទៀតការប្រកួតរវាងក្រុមថៃ ជាមួយវៀតណាម ធ្វើឡើងនៅយប់ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែធ្នូ វេលាម៉ោង៧:៣០នាទី នៅក្នុងពហុកីឡដ្ឋានជាតិសិង្ហបុរីដូចគ្នា។

ក្រោយបញ្ចប់ជើងទី១ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ក្រុមសិង្ហបុរី ត្រូវជួបក្រុមឥណ្ឌូណេស៊ី ថ្ងៃទី២៥ ខែធ្នូ ហើយក្រុមថៃ ត្រូវប៉ះក្រុមវៀតណាម ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី៕

Telegram-Troryorng

Share.