ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​របស់​សិង្ហបុរី Ikhsan Fandi សម្រេច​បោះបង់​​ក្លិប Jerv ទើប​តែ​ឡើង​លីគ​កំពូល​ប្រទេស​ន័រវែស ផ្ទេរ​ទៅ​កាន់​ក្លិប BG Pathum United ក្នុង​លីគ​កំពូល​ប្រទេស​ថៃ វិញ ខណៈ​ដែល​ពេល​នេះ​រូប​គេ​កំពុង​តែ​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 ព្រម​ទាំង​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្លិប BG Pathum United នៅ​​ល្ងាច​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា​កីឡាករIkhsan Fandi នឹង​ពាក់អាវ​លេខ​ ៩៩ នៅ​ក្លិប​របស់​ខ្លួន​ព្រម​ទាំង​បាន​លើក​ឡើង​ពី​សមិទ្ធផល​នានា​របស់​កីឡាករ​សិង្ហបុរី​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2020 ផង​ដែរ។

រូប​គេ​​ជា​កីឡាករ​ទី២ របស់​សិង្ហបុរី ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកប​អាជីព​នៅ​លីគ​កំពូលប្រទេស​ថៃ បន្ទាប់​ពី​បងប្រុស​បង្កើត​ខ្លួន Irfan Fandi ក៏​ជា​សមាជិក​ក្រុម BG Pathum United ផង​ដែរ។

យុវជន Ikhsan ជា​យុវជន​ថ្នាល​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី និង​ធ្លាប់​ចូលរួមក្នុង​ក្រុម​យុវជន Universidad Católica នៅ​ប្រទេស​ឈីលី មុន​ត្រឡប់​ទៅ​កាន់​សិង្ហបុរី វិញ​នៅ​ឆ្នាំ​២០១៦ ដោយ​ចូលរួម​ជាមួយ​ក្រុម Home United ជា​កីឡាករ​អាជីព និង​បន្ត​ផ្ទេរ​ទៅ​កាន់ Young Lions FC នៅ​ឆ្នាំ​បន្ទាប់។

នៅ​ឆ្នាំ​២០១៩ កីឡាករ​រូប​នេះ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្រុម​លីគ​កំពូល​ប្រទេស​ន័រវែស Raufoss IL ហើយ​នៅ​ផ្ទេរ​ទៅ​កាន់​ក្រុម​លីគ​ទី២ Jerv នៅ​ឆ្នាំ​២០២០ ស្រប​ពេល​ដែល​រូប​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្រុម​ថ្មី​ឡើង​ទៅ​កាន់​លីគ​កំពូល​ប្រទេស​ន័រវេស នៅ​រដូវកាល​២០២១-២២ ផង​ដែរ។

គិត​ត្រឹម​ពេល​​នេះ​កីឡាករ Ikhsan រកបាន​គ្រាប់​បាល់​៣គ្រាប់​ឱ្យ​សិង្ហបុរី ក្នុង​ពានរង្វាន់ AF Suzuki Cup 2020 ក្រោយ​ទាត់​ចូលរួម​មីយ៉ាន់ម៉ា ២គ្រាប់​ក្នុង​វគ្គ​ចែក​ពូល និង​ទាត់​ចូល​ឥណ្ឌូណេស៊ី ១គ្រាប់​នៅ​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី១៕

Telegram-Troryorng
Share.